អាជ្ញាធរឥណ្ឌា រកឃើញស៊ីរ៉ូម ក្អក និងស៊ីរ៉ូមប្រឆាំងអាឡ័កស៊ី ដែលផលិតដោយក្រុមហ៊ុន Norris Medicines មានជាតិពុល បណ្តាលឱ្យកុមារស្លាប់
ឥណ្ឌា៖ ប្រទេសឥណ្ឌាបានរកឃើញថា ស៊ីរ៉ូម ក្អក និងស៊ីរ៉ូមប្រឆាំងអាឡ័កស៊ីដែលផលិតដោយក្រុមហ៊ុន Norris Medicines មានជាតិពុល បណ្តាលឱ្យកុមារស្លាប់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣។
រដ្ឋាភិបាលទីក្រុងដែលី បានចេញរបាយការណ៍នេះ ប៉ុន្មានខែបន្ទាប់ពីស៊ីរ៉ូម ក្អកដែលផលិតនៅប្រទេសឥណ្ឌា ត្រូវបានគេផ្សារភ្ជាប់ទៅនឹងការស្លាប់កុមារចំនួន១៤១នាក់ ទូទាំងពិភពលោក។ ស៊ីរ៉ូម ទាំងពីរ មួយឈ្មោះ Trimax Expectorant និងមួយទៀតឈ្មោះ Sylpro Plus Syrup គឺមានផ្ទុកសារធាតុ diethylene glycol (DEG) ឬ ethylene glycol (EG) ដូចដែលគេបានរកឃើញនៅក្នុងស៊ីរ៉ូប៍ក្អក ដែលបណ្តាលឲ្យមនុស្សស្លាប់នៅប្រទេសហ្គាំប៊ី អ៊ូសបេគីស្ថាន និងកាមេរូន ចាប់តាំងពីពាក់កណ្តាលឆ្នាំមុនមក។
លោក HG Koshia ស្នងការរដ្ឋបាលគ្រប់គ្រងចំណីអាហារនិងឱសថនៃរដ្ឋ Gujarat បានប្រាប់រ៉យទ័រកាលពីថ្ងៃពុធទី៤ខែតុលាថា ពួកគេបានត្រួតពិនិត្យរោងចក្ររបស់ក្រុមហ៊ុន Norris កាលពីខែមុន ហើយបានបញ្ជាឲ្យផ្អាកការផលិត។លោកនិយាយថា “ក្រុមហ៊ុនខាងលើមិនបានអនុលោមតាមច្បាប់នៃការអនុវត្តផលិតកម្មល្អនោះទេ។ ដើម្បីផលប្រយោជន៍សាធារណៈ យើងបានបញ្ជាឲ្យក្រុមហ៊ុនបញ្ឈប់ការផលិត”។
សូមបញ្ជាក់ថាមកដល់ពេលនេះ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Norris មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយឡើយ៕