ប្រធាន ICAPP បង្ហាញការជឿជាក់ថា ក្រោមការដឹកនាំ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា នឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
ភ្នំពេញ ៖ លោក ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជានោះ កម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោក ជុង អ៉ីយ៉ុង បានលើកឡើងបែបនេះ នាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញាត្តឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះជំនួបនេះដែរ លោក ជុង អ៉ីយ៉ុង បានលើកឡើងអំពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈរវាងបណ្តាគណបក្សនយោបាយនៅក្នុងតំបន់អាស៊ី។
យវិញទៀត លោក ក៏បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះកម្ពុជា ដែលជាប្រទេសទីមួយ បានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ១២ និងកិច្ចប្រជុំពាក់ព័ន្ធ ជាលើកទី២ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈដែលកម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ៦ ម្តងរួចមកហើយ កាលពីឆ្នាំ ២០១០ នៅរាជធានីភ្នំពេញ។ លោក បញ្ជាក់ថា «ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺកម្ពុជា នឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់តែខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាក់ជាមិនខាន»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ICAPP បានគាំទ្រចំពោះដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត មកចូលរួមដំណើរការបោះឆ្នោតនៅកម្ពុជាក្នុងបណ្តាអាណត្តិកន្លងមក ជាប់រហូតមកដល់អាណត្តិទី៧ នេះ ផងដែរ ។ វត្តមាន និងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួមចំណែក ក្នុងការការពារធម្មានុរូប ភាពត្រឹមត្រូវយុត្តិធម៌ និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា ។
ក្នុងន័យនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងអង្គការ ICAPP ដើម្បីសម្រេចបាននូវបេសកកម្មរួមសម្រាប់តំបន់អាស៊ី ដែលមានសន្តិភាព និងវិបុលភាព ក៏ដូចជាបានសម្តែងនូវការគាំទ្រចំពោះការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕EB