ភ្នំពេញ ៖ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតា បានណែនាំក្រុមការងាររបស់ខ្លួន ត្រូវបន្ដជំរុញដល់ប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណអស់សុពលភាព ឬសុពលភាព អស់ត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យពួកគាត់មកបំពេញបែបបទសុំធ្វើអត្តសញ្ញាណប័ណ្ណថ្មី។

ក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នារសៀលថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានណែនាំក្រុមការងារទាំងអស់ ត្រូវពិនិត្យសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារជំរុញការផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ឱ្យបានត្រឹមត្រូវបំផុត។

លើសពីនេះ លោក រដ្ឋលេខាធិការ ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានរដ្ឋបាល និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានរួមសហការគ្នាយ៉ាងជិតស្និត ដើម្បីផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ។

នាឱកាសនោះ លោក ប្រុក ម៉ៃឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឡើងអានសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារជំរុញការផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានរដ្ឋបាល បានបង្កើនកិច្ចសហការ ក្នុងការចង្អុលដឹកនាំដល់រដ្ឋបាល និងអង្គភាពថ្នាក់ក្រោមជាតិ តាមដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការចាត់តាំងអនុវត្តផែនការ នូវយុទ្ធនាការផ្ដល់អគ្គសញ្ញាណប័ណ្ណទុតិយតារបស់ក្រសួងមហាផ្ទៃ។

លោក អគ្គនាយករង បានលើកឡើងថា ក្រុមការងារ ក៏បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព ឬសុពលភាព អស់ត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យមកបំពេញបែបបទសុំធ្វើអត្តសញ្ញាណប័ណ្ណថ្មី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ