ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា អាស៊ាន-ចិន ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសពន្លឿនធ្វើសមាហរណកម្មសង្គម-សេដ្ឋកិច្ច ដើម្បីលុបបំបាត់របាំងពាណិជ្ជកម្ម។

នាឱកាសអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ប្រគល់ជូនដោយ វិទ្យាស្ថានយុទ្ធសាស្ដ្រ សម្រាប់អាស៊ីហ្វិក (KSI) ស្ដីពី «ការបង្កើតទំនាក់ទំនងអាស៊ាន-ចិន» ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២  សម្ដេចតេជោ ហ៊ុន សែន បានសង្ឃឹមជឿជាក់ថា កិច្ចសហការអាស៊ាន-ចិន ដែលបាននិងកំពុងនឹងបើកទំព័រថ្មីមួយតាមរយៈការអនុវត្ត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» និង ការបង្កើត «តំបន់ពាណិជ្ជកម្មសេរីចិន- អាស៊ាន ទម្រង់ថ្មី ៣.០» នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ ឱ្យកាន់តែមានសក្តានុពលប្រកបដោយថាមវន្តបន្ថែមទៀត។

សម្ដេចតេជោ បន្ដថា ស្ថិតក្នុងបរិការណ៍នេះដែរ អាស៊ាន-ចិន ត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ, តម្លាភាព, ប្រកបដោយបរិយាបន្ន, បំពេញបន្ថែម និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ តួយ៉ាង កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហប្រកបដោយបរិយាបន្ន ដែលផ្អែកលើវិធាននៃច្បាប់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់។

សម្ដេចតេជោ ក៏វាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់ចិន ក្នុងការរក្សាមជ្ឈភាព និងឯកភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវឌ្ឍ និងការលើកកម្ពស់ការសំយោគពង្រឹងគ្នាទៅវិញទៅមក ក្នុងចំណោមយន្តការដែលដឹកនាំដោយអាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ទន្ទឹមនេះដែរ អាស៊ាន និងចិន ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើការពន្លឿនការធ្វើសមាហរណកម្មសង្គម-សេដ្ឋកិច្ច, ការលុបបំបាត់របាំងពាណិជ្ជកម្ម, ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មក្នុងតំបន់ ព្រមទាំងការចាប់យកនូវកាលានុវត្តភាពថ្មីៗ ពីសេដ្ឋកិច្ចឌីជីថល, កំណើនបៃតង, អន្តរកាលថាមពល និងការបង្កើនសមត្ថភាពសហគ្រាសមីក្រូ, ធុនតូច និងមធ្យម (MSMEs) ដែលត្រូវបានចាត់ទុកថាជាចន្ទល់កំណើនសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី និងជាពិសេសការប្រកាន់ខ្ជាប់នូវអភិក្រមពហុភាគីនិយម ក្នុងការដោះស្រាយរាល់នូវបញ្ហានានា»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ