អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍រដ្ឋរុស្ស៊ី បានស្លាប់ដោយសារការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន
អ៊ុយក្រែន៖ អ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាមរុស្ស៊ី សម្រាប់ទូរទស្សន៍រដ្ឋ បានស្លាប់នៅថ្ងៃព្រហស្បតិ៍នេះ ដោយសាររបួសទទួលអំឡុងការវាយប្រហារដោយយានដ្រូនរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅតំបន់ភាគអាគ្នេយ៍អ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ីកាលពីថ្ងៃពុធ ។
ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី និយាយថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារក្រុមអ្នកសារព័ត៌មានរុស្ស៊ី នៅតំបន់ Zaporizhzhia គ្រប់គ្រងដោយរុស្ស៊ី ស្ថិតនៅភាគអាគ្នេយ៍អ៊ុយក្រែនកាលពីថ្ងៃពុធ ដោយប្រើប្រាស់យានដ្រូន និងគ្រាប់កាំភ្លើងធំ ។
លោក Boris Maksudov វ័យ ៣៨ឆ្នាំ គឺជាអ្នកសារព័ត៌មានរបស់ទូរទស្សន៍ Rossiya 24បានរងរបួសត្រូវនឹងគ្រាប់កាំភ្លើង ហើយក្រុមគ្រូពេទ្យ ពុំអាចជួយសង្រ្គោះអាយុជីវិតរបស់លោកបានឡើយ ។
ទូរទស្សន៍រដ្ឋរុស្ស៊ី បានរាយការណ៍ថា លោក Boris Maksudov បានស្លាប់នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោយរងរបួសនៅតំបន់ Zaporizhzhia ។ កាលពីរយៈពេល ១ថ្ងៃ ក្រុមអ្នកសារព័ត៌មានរុស្ស៊ី បានរងការវាយប្រហារពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។
ទូរទស្សន៍រដ្ឋទាំងអស់ និងក្រុមហ៊ុនផ្សាយវិទ្យុ បានសម្តែងមរណទុក្ខចំពោះគ្រួសារ និងសហការីរបស់លោក Maksudov ៕