ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់ តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រីNetanyahu
អ៊ីស្រាអែល៖ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានដើរតាមដងផ្លូវដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលពួកគេនិយាយថាគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២២។
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលស្តាំនិយម និងអភិរក្សនិយមបំផុត បានស្បថចូលកាន់តំណែង។ដោយរដ្ឋាភិបាលថ្មី គ្រោងនឹងធ្វើកំណែទម្រង់យ៉ាងទូលំទូលាយ ចាប់ពីការពង្រីកការតាំងទីលំនៅខុសច្បាប់នៅតំបន់ West Bank ។
បាតុករបានដាក់ស្លាកសញ្ញាជាមួយនឹងពាក្យស្លោកដែលរួមមាន «ប្រជាធិបតេយ្យស្ថិតក្នុងគ្រោះថ្នាក់» និង «រួមគ្នាប្រឆាំងនឹងលទ្ធិហ្វាស៊ីសនិយម និងរបបអាផាថេត»។ បដាមួយទៀតសរសេរថា “លំនៅឋាន ជីវភាព សង្ឃឹម”។ ការតវ៉ានេះត្រូវបានដឹកនាំដោយក្រុមឆ្វេងនិយម និងសមាជិកប៉ាឡេស្ទីននៃសភាអ៊ីស្រាអែល Knesset ក្នុងនោះផងដែរ ពួកគេបានថ្កោលទោសរដ្ឋមន្ត្រីយុត្តិធម៌ Yariv Levin ដែលកាលពីថ្ងៃពុធបានលាតត្រដាងពីការផ្លាស់ប្តូរប្រព័ន្ធតុលាការ៕