មនុស្ស១៤ នាក់ស្លាប់ក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌាក្រោយ បាក់រលំផ្ទាំងប៉ាណូមួយផ្ទាំងលើស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះ និងរថយន្ត
ឥណ្ឌា៖ កាលពីថ្ងៃអង្គារ ក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់ឧបករណ៍ជីកកកាយ ក្នុងការសម្អាតកម្ទេចកម្ទីដែក និងដើម្បីព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត ដែលជាប់គាំងនៅខាងក្រោមផ្ទាំងប៉ាណូ បន្ទាប់ពីដួលរលំ ដោយបានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ១៤ នាក់នៅក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា ។
ក្រុមអ្នកជួយសង្គ្រោះ កំពុងនាំគ្នាទាញយកកម្ទេចរថយន្តដែលរាបស្មើ និងបោសសម្អាតកម្ទេចកម្ទីចេញពីកន្លែងរងផលប៉ះពាល់ ខណៈអ្នករងរបួស កំពុងទទួលបានការថែទាំដោយបុគ្គលិកពេទ្យនៅឯមន្ទីរពេទ្យ ។
យោងតាមអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ផ្ទាំងប៉ាណូដែលមានទំហំធំជាងអាងហែលទឹកអូឡាំពិក បានដួលរលំលើស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះ និងរថយន្ត អំឡុងព្យុះភ្លៀងវាយប្រហារទីនេះ កាលពីថ្ងៃចន្ទ ដោយបណ្តាលឱ្យមនុស្សជាង ១០០នាក់ជាប់គាំង ។
ទីភ្នាក់ងារគ្រប់គ្រងសាជីវកម្មក្រុង ហៅកាត់ថា BMC បានបញ្ជាក់ថា សោកនាដកម្មនេះ បានបណ្តាលឱ្យជនរងគ្រោះចំនួន ១៤ នាក់ស្លាប់ ខណៈមនុស្ស ៧៥ នាក់ផ្សេងទៀតទទួលបានការជួយសង្គ្រោះ ៕