កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងមិនចូលរួមក្នុងសវនាការផ្លូវការជាលើកដំបូង ដែលនឹងសម្រេចថាតើត្រូវទុក ឬក៏ដកតំណែងរបស់លោក នៅថ្ងៃអង្គារ សប្ដាហ៍នេះនោះទេ។ នេះបើតាមមេធាវីរបស់លោក Yoon ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃអាទិត្យ ទី១២ ខែមករា។

លោក Yun Gap-geun ជាមេធាវីម្នាក់របស់លោក Yoon ធ្វើការប្រកាសបែបនេះ ខណៈតុលាការធម្មនុញ្ញកូរ៉េខាងត្បូងគ្រោងនឹងរៀបចំសវនាការទាញហេតុផលលើសេចក្ដីសម្រេចរបស់សភា ដែលបានបោះឆ្នោតដកតំណែងលោក Yoon ពាក់ព័ន្ធនឹងការប៉ុនប៉ងប្រើប្រាស់ច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលពីខែធ្នូកន្លងទៅ និងក្នុងបរិបទដែលក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមចាប់ខ្លួន ប្រធានាធិបតីត្រូវបានព្យួរតំណែងរូបនេះ ដើម្បីសួរចម្លើយក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ទាក់ទិននឹងការប្រកាសប្រើច្បាប់អាជ្ញាសឹកនេះដែរ។

សគួរបញ្ជាក់ថា បើតាមលោក Yun លោក Yoon Suk Yeol នឹងបង្ហាញខ្លួននៅក្នុងសវនាការ ប្រសិនបើបញ្ហាដែលលោកបានលើកឡើងត្រូវបានដោះស្រាយ។ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានប្រកាសថាខ្លួននឹងចាប់ផ្ដើមសវនាការទាញហេតុផលផ្ទាល់មាត់ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ហើយសវនាការសរុបទាំង៥ដំណាក់កាលនឹងធ្វើឡើងរហូតដល់ថ្ងៃទី៤ ខែកុម្ភៈ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ