ព្រះវិហារ ៖ ភាពអង់អាចឈ្លាសវៃនៃការដឹកនាំរាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ នៃរដ្ឋសភា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេល២ឆ្នាំមកនេះ ជាពិសេសយុទ្ធសាស្ត្រនៃការទប់ទល់អំពើឈ្លានពានរបស់ថៃ ត្រូវបាន លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥ ០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

បើតាម លោកឧបនាយករដ្ឋមន្ត្រី ចាប់តាំងពីដើមនីតិកាលមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលបន្តវេន ឈានទៅសម្រេចបានសមិទ្ធផលធំៗជូនជាតិនិងប្រជាជន ជាបន្តបន្ទាប់ ដោយឈរលើមូលដ្ឋាននៃមរតកដឹកនាំនយោបាយប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ខណៈចុងក្រោយនេះ សម្ដេចធិបតី បានបន្តដឹកនាំជាតិ រួបរួមសាមគ្គីគ្នា យកប្រៀបឈ្នះប្រកបដោយកិត្តិយសពីអំពើឈ្លានពានទឹកដីយ៉ាងកម្រោលពីសំណាក់កងទ័ពថៃ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន បានប្រយុទ្ធទប់ទល់សត្រូវឈ្លានពានប្រកបដោយភាពអង់អាចក្លាហាន ការពារបានយ៉ាងរឹងមាំបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ ខណៈនយោបាយការទូត ក៏ត្រូវបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ លោក បន្ថែមថា ស្នាដៃនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងសហគមន៍អន្តរជាតិ ទទួលស្គាល់ គាំទ្រ និងផ្ដល់កិត្តិយស ដោយចាត់ទុកកម្ពុជា មានភាពចាស់ទុំ ប្រកបដោយបទពិសោធ និងជារដ្ឋគម្រូ ដែលផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព និងច្បាប់អន្តរជាតិ។

ប្រមុខក្រសួងមហាផ្ទៃ ក៏បានជម្រាបជូនដែរថា ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយនៃជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដូចដែលយើងគ្រប់គ្នាបាននិងកំពុងឃើញនិងចូលរួមនេះ គឺជាមនុញ្ញផលដែលកើតចេញពីទំនុកចិត្ត និងប្រសិទ្ធភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន ហើយទំនុកចិត្តនេះបានស្ដែងឡើង តាមរយៈការបញ្ចេញសារសម្លេងតែមួយរបស់ពលរដ្ឋខ្មែរ គាំទ្ររាជរដ្ឋាភិបាល ចូលរួមទាំងស្មារតីនិងជំនួយសម្ភារៈគ្រប់បែបយ៉ាងដល់កម្លាំងជួរមុខ និងដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ជាបន្តបន្ទាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ