កណ្តាល ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ទុកដីទំនេរ ក៏អត់ប្រយោជន៍ មនុស្សនៅទំនេរ ក៏អត់បានផល មានដីនាំគ្នាដាំដើមឈើ គឺមានផលប្រយោជ៍ទាំង មនុស្ស សត្វ និងធម្មជាតិ។

លោក អភិបាលខេត្ត បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែល លោក រួមជាមួយ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធី “រុក្ខទិវា” ដាំដើមឈើថ្នាក់ខេត្ត ឆ្នាំ២០២៥ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តអង្គពណ្ណារាយ ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។

ក្នុងពិធីនោះ លោក អភិបាលខេត្ត បានគាំទ្រលើកទឹកចិត្តដល់ខណ្ឌរដ្ឋបាលព្រៃឈើកណ្ដាល ត្រូវខិតខំបន្តការស្រាវជ្រាវបណ្តុះនូវពូជឈើថ្មីៗបន្ថែមទៀត ពិសេសប្រភេទឈើហូបផ្លែ ដែលមានគុណភាព មានរសជាតិ ធន់ទៅនិងអាកាសធាតុ និងមានស្តង់ដា ដើម្បីផ្តល់អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអាចប្រកួតប្រជែងក្នុងទីផ្សារទទួលបានចំណូលខ្ពស់។

ជាងនេះទៅទៀត ត្រូវមានការបើកទូលាយជូនប្រជាពលរដ្ឋដែលមានបំណងរៀនសូត្រពីពីការបណ្តុះកូនឈើ អាចមករៀនសូត្រអភិវឌ្ឍន៍ចំណេះដឹងបច្ចេកទេសដាំដើមឈើជូនពួកគាត់ សំដៅបង្កើនការដាំដុះ ជួយដល់បរិស្ថាន និងសុខភាពរបស់យើងទាំងអស់គ្នា។

លោក អភិបាលខេត្ត បានអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋសូមជួយថែរក្សាការពារដើមឈើដែលយើងបានដាំ និងជួយទប់ស្កាត់អំពីការបំផ្លាញនានារបស់មនុស្ស ទាំងដើមឈើដែលនៅក្នុងស្រុក និងដើមឈើដែលមាននៅក្នុងព្រៃឲ្យបានគង់វង្ស ជាពិសេសនោះគឺគ្រប់គ្រឹះស្ថានសាធារណៈរដ្ឋ និងឯកជន រួមមានសាលារៀន វត្តអារាម មន្ទីរពេទ្យ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ខិតខំប្រើប្រាស់ដីធ្លីឱ្យទៅជាទីបៃតង តាមរយៈការខិតខំដាំដើមឈើទាំងប្រភេទឈើព្រៃ និងឈើហូបផ្លែ ដើម្បីបរិស្ថាន សុខភាព និងបង្កើនការដាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ