(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែននឹងយល់ព្រម ដោះដូរទឹកដីគ្នាជាមួយរុស្ស៉ី ប្រសិនបើមានកិច្ចចរចាស្វែងរកសន្តិភាព ហើយរូបលោក បានបន្តបញ្ជាក់ថា អឺរ៉ុបតែឯងនឹងមិនអាចមានលទ្ធភាព គាំទ្រកិច្ចប្រឹងប្រែងសង្រ្គាម របស់ទីក្រុងកៀវបានទេ។ ការប្រកាសរបស់មេដឹកនាំអ៊ុយក្រែនរូបនេះក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian ។

លោក ហ្សេលេនស្គី បាននិយាយថា «មានមតិលើកឡើងថា អឺរ៉ុបអាចផ្តល់ការធានាសន្តិសុខ ដោយពុំចាំបាច់មានសហរដ្ឋអាមេរិក ប៉ុន្តែខ្ញុំបដិសេធជានិច្ច ចំពោះការលើកឡើងបែបនេះ ដ្បិតការធានាសន្តិសុខដោយគ្មានអាមេរិក មិនមែនជាការធានាសន្តិសុខពិតប្រាកដនោះទេ»។

លោក ហ្សេលេនស្គី បានបន្តថា រូបលោកនឹងស្នើប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដោះដូរទឹកដី ដែលអ៊ុយក្រែនដណ្តើមកាន់កាប់បាន នៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៉ី កាលពី៦ខែមុន ប៉ុន្តែលោកមិនទាន់ច្បាស់ថា ទឹកដីអ៊ុយក្រែនមួយណា ដែលលោកនឹងស្នើជាថ្នូរត្រឡប់មកវិញ នោះឡើយ ដោយសារទឹកដីទាំងអស់សុទ្ធតែសំខាន់។

គួរបញ្ជាក់ថា សព្វថ្ងៃ រុស្ស៉ីកំពុងគ្រប់គ្រងតំបន់ចំនួន៥របស់អ៊ុយក្រែន ក្នុងនោះតំបន់ឧបទ្វីបគ្រីមៀ កាលពីឆ្នាំ២០១៤ និងបន្ទាប់មក តំបន់ Donetsk, Kherson, Lugansk និង Zaporizhzhia កាលពីឆ្នាំ២០២២ ប៉ុន្តែរុស្ស៉ីមិនមានការគ្រប់គ្រងទាំងស្រុងតែម្តង លើតំបន់ទាំង៤ក្រោយនេះឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ