ព្យុះ Hurricane កម្រិតទី៥ បានបោកបក់ និងវាយប្រហារលើរដ្ឋ Guerrero ប្រទេស ប្រទេសម៉ិកសិក បណ្តាលឱ្យមនុស្សជិត១០០នាក់ស្លាប់ និងបាត់ខ្លួន
អាមេរិក ៖ អាជ្ញាធរនៅក្នុងប្រទេសម៉ិកស៊ិក នៅថ្ងៃចន្ទសប្ដាហ៍នេះ ឱ្យដឹងថាចំនួនមនុស្សស្លាប់ និងបាត់ខ្លួនដោយសារព្យុះ Hurricane កម្រិតទី៥ Otis ដែលបានវាយប្រហារលើទីក្រុង Acapulco នៃរដ្ឋ Guerrero កាលពីសប្ដាហ៍មុន បានកើនដល់ជិត ១០០នាក់ ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។
ព្យុះ Hurricane Otis បានបក់បោកលើទីក្រុង Acapulco ជាមួយល្បឿនខ្យល់ ២៦៦គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីថ្ងៃពុធសប្ដាហ៍មុន ដោយបង្កឱ្យមានទឹកជំនន់ជន់លិចផ្លូវថ្នល់ ផ្ទះ រថយន្ដជាច្រើនគ្រឿង និងហាងទំនិញ ព្រមទាំងកាត់ផ្ដាច់បណ្ដាញទូរគមនាគមន៍ទាំងផ្លូវគោក និងផ្លូវអាកាស។
បើតាមលោកស្រី Evelyn Salgado ជាអភិបាលរដ្ឋ Guerrero មនុស្ស ៤៥នាក់បានស្លាប់ និង៤៧នាក់ផ្សេងទៀតបានបាត់ខ្លួន ដោយសារ ព្យុះ Hurricane Otis។ តួលេខផ្ដល់ដោយលោកស្រី Salgado ធ្វើឡើង បន្ទាប់ពីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ អាជ្ញាធរសហព័ន្ធ ការពារជនស៊ីវិលនៃប្រទេសម៉ិកសិក បានឱ្យដឹងថាមនុស្ស ៤៨នាក់បានស្លាប់ ហើយក្នុងចំណោមពួកគេមាន ៤៣នាក់បានស្លាប់នៅក្នុងទីក្រុង Acapulco និង៥នាក់ផ្សេងទៀតនៅក្នុងទីក្រុង Coyuca de Benitez។
គួរបញ្ជាក់ថា បើតាមការវាយតម្លៃរបស់អាជ្ញាធរម៉ិកស៊ិក ការខូចខាតដែលបង្កឡើងដោយព្យុះ Hurricane Otis គិតជាទឹកប្រាក់អាចឡើងដល់ ១៥ពាន់លានដុល្លារ ហើយកងកម្លាំងជាង ១៧,០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្ដាប់ធ្នាប់ និងជួយដល់កិច្ចការផ្ដល់ជំនួយនៅ ក្នុងទីក្រុង Acapulco ចំពោះមុខការព្រួយបារម្ភពីការខ្វះខាតស្បៀង និងទឹកស្អាត៕
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់