វៀតណាម៖ ព្រះរាជអាជ្ញាបានស្នើឱ្យជាប់ពន្ធនាគារពី ១៩ ទៅ ២០ឆ្នាំសម្រាប់អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long ដោយចោទប្រកាន់គាត់ពីបទស្នើ និងទទួលសំណូកពីក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្ត កូវីដេ១៩។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNexpressនៅថ្ងៃទី ៨ខែមករា ឆ្នាំ២០២៤។

ក្នុងរឿងអាស្រូវគេហៅថា The Viet A Scandal ក្រុមមន្រ្តីជាន់ខ្ពស់វៀតណាម បានរងការចោទប្រកាន់ថា បានជួយសម្របសម្រួល កិច្ចព្រមព្រៀងទំហំខ្ទង់រាប់លានដុល្លារ ដើម្បីផ្គត់ផ្គង់ទៅកាន់មន្ទីរពេទ្យនិងសហគមន៍នៅក្នុងប្រទេសវៀតណាម នូវឧបករណ៍ធ្វើតេស្តកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនឈ្មោះ Viet A នៅក្នុងតម្លៃមួយ ដែលត្រូវបានបំប៉ោងឱ្យថ្លៃជ្រុលខ្លាំង។ ក្នុងចំណោមបុគ្គលដែលបានឡើងសវនាការនាថ្ងៃពុធនេះ គឺរួមមានទាំងអតីតរដ្ឋមន្រ្តីសុខាភិបាល លោក Nguyen Thanh Long ដែលត្រូវបានចោទថា ទទួលសំណូកគិតជាទឹកប្រាក់២.២៥លានដុល្លារ និងអតីតអភិបាលក្រុងហាណូយ លោក Chu Ngoc Anh ដែលរងការចោទពីបទបំពានច្បាប់ ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។


មន្រ្តីរដ្ឋាភិបាលព្រមទាំងធុរជននិងពាណិជ្ជករ សរុបទាំងអស់យ៉ាងហោច១០០នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស ក្រោមការសង្ស័យជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវខាងលើ។ បើតាមការប៉ាន់ប្រមាណ ក្រុមហ៊ុន Viet A រកចំណូលពីរឿងនេះ បានប្រហែល១៧២លានដុល្លារ ក្នុងនោះ៣៤លានដុល្លារ ទំនងជាត្រូវបានបង្វិលទៅក្នុង ការសូកប៉ាន់មន្រ្តីរដ្ឋាភិបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ