ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យយុវសិស្ស អន ផានិត ព្រមទាំងក្រុមគ្រួសារចូលជួប សម្តេច នៅភូមិគ្រឹះនាក្រុងតាខ្មៅ ដើម្បីបានសាកសួរសុខទុក្ខ និងផ្តល់ដំបូន្មានមួយចំនួនផងដែរ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ថ្ងៃនេះ ខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អូនស្រី និងសាមីខ្លួន ផានិត មកផ្ទះរបស់ខ្ញុំ។ ឆ្លងកាត់ការសន្ទនា ខ្ញុំ ពិនិត្យឃើញថា ឪពុក ម្តាយ របស់ផានិត ដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលៈបង់ ដើម្បីកូននិងក្រុមគ្រួសារ។

សម្ដេចតេជោ បន្ដថា ឯចៅ ផានិត វិញពិតជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។ ចៅស្រី ដែលជាប្អូនរបស់ ផានិត បាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកំរិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា ៣ឆ្នាំខាងមុខ។

សម្ដេចតេជោ បន្ថែមថា នេះជាករណីពិសេសដែលខ្ញុំ ត្រូវជួយដល់ ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះ ដើម្បីកុំឱ្យ ផានិត បារម្ភពីឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុក ម្តាយ បារម្ភពី ផានិត ដែលរៀននៅភ្នំពេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ