ប្រទេសកាណាដា៖ មេដឹកនាំរខេត្ត Nova Scotia បានអង្វរប្រជាជនឱ្យនៅខាងក្រៅព្រៃឈើ និងជៀសវាងសកម្មភាពណាមួយដែលអាចបង្កឱ្យមានអគ្គីភ័យបន្ថែមទៀត បន្ទាប់ពីភ្លើងឆេះព្រៃនៅតាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសកាណាដា បានបំផ្លាញផ្ទះប្រហែល ២០០ខ្នង និងសំណង់ផ្សេងទៀត ហើយបានជំរុញឱ្យមានការជម្លៀសមនុស្ស ១៦,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។


អភិបាលខេត្ត លោក Tim Houston ដែលបានប្រកាសហាមប្រាមសកម្មភាពព្រៃឈើ បន្ទាប់ពីបានទៅមើលតំបន់បំផ្លិចបំផ្លាញ ដើម្បីសិក្សាអំពីការខូចខាត បាននិយាយថា «វិសាលភាពគឺធំធេងណាស់។ វាពិតជាគួរឱ្យសោកស្តាយណាស់»។ លោក Houston បាននិយាយថា ការហាមប្រាមនេះ ពង្រីកដល់ការធ្វើដំណើរ និងសកម្មភាពទាំងអស់នៅក្នុងតំបន់ព្រៃឈើ។ លោកបានបន្តថា នោះរួមបញ្ចូលទាំងការដើរព្រៃ ការរុករករ៉ែ ការបរបាញ់ ការនេសាទ ការឡើងភ្នំ ការបោះជំរុំ និងសកម្មភាពពាណិជ្ជកម្មទាំងអស់នៅលើដីរដ្ឋាភិបាល។


កាលពីថ្ងៃអង្គារអ្នកស្រុកជាច្រើនបានប្រញាប់ប្រញាល់ត្រឡប់មកស្រុកវិញ ដើម្បីពិនិត្យមើលថាតើផ្ទះ និងសត្វចិញ្ចឹមត្រូវបានរួចជីវិតដែរឬទេ ខណៈពេលដែលមន្ត្រីពន្លត់អគ្គីភ័យបានសម្តែងការព្រួយបារម្ភថា ស្ថានភាពស្ងួត និងខ្យល់ខ្លាំងអាចបណ្តាលឱ្យ «ឆេះឡើងវិញ»។លោក David Meldrum អនុប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យក្រុង Halifax បាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងធ្វើការដើម្បីពន្លត់ភ្លើង ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ Halifax ។ 


 លោកបាននិយាយថា វាលឿនពេកក្នុងការធ្វើការគណនាពិតប្រាកដនៃចំនួនផ្ទះដែលរងការខូចខាត ឬបំផ្លាញ ប៉ុន្តែទីក្រុងបានកំណត់ថា សំណង់ប្រហែល២០០ ត្រូវបានបំផ្លាញ និងប្រជាជនប្រមាណ ១៦,០០០នាក់ត្រូវបានបញ្ជាឱ្យចាកចេញពីផ្ទះរបស់ពួកគេនៅភាគពាយ័ព្យទីក្រុង Halifax៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ