ភ្នំពេញ ៖ ក្រោយពីអង្គការសហប្រជាជាតិ (UN) បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា បញ្ជូនកងកម្លាំងជាមន្រ្តីជំនាញពន្ធនាគារ ចំនួន ៤០រូប ឱ្យចូលរួមបំពេញបេសកម្មរក្សាសន្តិភាពនោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានលើកឡើងថា កម្រិតប្រាក់ខែមន្រ្តីជំនាញពន្ធនាគារនៅ UN ប្រមាណ ៥ពាន់ដុល្លារ ក្នុងមួយខែ។

ការថ្លែងឱ្យដឹងពី នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានធ្វើឡើងក្នុងកិច្ចប្រជុំ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅទីស្ដីការក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ បើតាម នាយឧត្តមសេនីយ៍ ក្នុងករណីមន្រ្តីជំនាញណាមួយត្រូវពលីក្នុងអំឡុងពេលបំពេញបេសកម្មនេះ ក្រុមគ្រួសារនឹងទទួលបានថវិកាប្រមាណ៨ម៉ឺនដុល្លារអាមេរិក។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសំអាតមីន និងកាកសំណល់សង្គ្រាម និងសហការីបានធ្វើបទឧទ្ទេសនាមជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីប្រវត្តិបេសកកម្មUN ការចូលរួមបេសកកម្មរបស់នគរបាលUN ដំណើរការនៃការចូលរួម តម្រូវការហ្វឹកហ្វឺន និងមុខតំណែងសម្រាប់មន្រ្តីនគរបាលជំនាញ៤០រូប។


លើសពីនេះ ចាប់តាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន កម្លាំងកម្ពុជាសរុបចំនួន ៨៨៥៩នាក់ ក្នុងនោះ នារីមានចំនួន ៦៨១នាក់ ទៅកាន់បេសកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្ដាល លីបង់ សាយប្រឹស យេមែន ឆាត ស៊ីរី និងម៉ាលី។ ឯកឧត្តម បន្ដថា បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះ នារីមានចំនួន ១៣០នាក់ កំពុងបំពេញបេសកម្មនៅស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្រ្វិកណ្ដាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ