ភ្នំពេញ ៖ ប្រទេសកម្ពុជា នៅរថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តបញ្ជូនកងកម្លាំងវិស្វកម្មពហុជំនាញលេខ៨២៧ ចំនួន ២១៦នាក់ទៀត ទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។

កងកម្លាំងថ្មីនេះ ជាក្រុមកងកម្លាំងប្ដូរវេនជាមួយនឹង កងកម្លាំងវិស្វកម្មលេខ៨២៩ ដែលបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ ដ៏ជោគជ័យ និងនាំកិត្យានុភាពជូនជាតិ។


ពិធីជូនដំណើរ និងទទួលកងទ័ពមួកខៀវកម្ពុជា បានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។


នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា បេសកកម្មនៅសាធារណរដ្ឋលីបង់ជាឆ្នាំទី១៣ ហើយកងវិស្វកម្មលេខ៨២៩ គឺជាកងទី១២ ដែលបានចូលរួមអនុវត្តបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។ ជាមួយគ្នាកងនេះ រក្សាបាននូវភាពស្អាតស្អំ មានវិន័យល្អ ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមនិយាមរបស់អង្គការសហប្រជាជាតិ ដោយយកសុវត្ថិភាពជាចម្បង រហូតទទួលបានជោគជ័យ ដោយមិនមានសមាជិកណាម្នាក់របួស ឬពលី ដោយយថាហេតុណាមួយឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ