អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា ៖យោធាមីយ៉ាន់ម៉ា បាត់បង់ក្រុងយុទ្ធសាស្រ្តមួយ ក្រោយផ្ទុះការប្រយុទ្ធគ្នា នៅពាសពេញទឹកដីនៃរដ្ឋ Shan
មីយ៉ាន់ម៉ា ៖ អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា យោធាបានបាត់បង់ការគ្រប់គ្រងលើក្រុងយុទ្ធសាស្រ្តមួយ នៅភាគខាងជើងជាប់ព្រំប្រទល់ ជាមួយប្រទេសចិន បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់ជាច្រើនថ្ងៃ ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅពាសពេញទឹកដីមួយផ្នែកធំនៃរដ្ឋ Shan ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលគម្រោងតភ្ជាប់ផ្លូវដែក មានទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារ ត្រូវបានគ្រោងសាងសង់ឡើង ក្រោមក្របខណ្ឌនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសកល «ខ្សែក្រវាត់និងផ្លូវ» របស់ប្រទេសចិន។
អ្នកនាំពាក្យរដ្ឋាភិបាលយោធា បានប្រាប់ថា រដ្ឋាភិបាលនិងកងកម្លាំងសន្តិសុខ លែងមានវត្តមាននៅក្រុង Chinshwehaw ទៀតហើយ ដែលស្ថិតនៅជាប់ព្រំប្រទល់ខេត្ត Yunnan របស់ប្រទេសចិន។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់របបយោធា កាលពីខែកញ្ញា ឆ្នាំនេះ គឺជាង១ភាគ៤ នៃការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនរបស់មីយ៉ាន់ម៉ាជាមួយចិន ចាប់ខែមេសាដល់កញ្ញា ដែលមានទំហំ១.៨ពាន់លានដុល្លារ គឺបានឆ្លងកាត់ក្រុង Chinshwehaw។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីសន្តិសុខសាធារណៈចិន បានជួបជាមួយប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅរដ្ឋធានីណៃពិដោ សម្រាប់ថ្ងៃទី២ នៃកិច្ចពិភាក្សាជាមួយក្រុមមន្រ្តីជាន់ខ្ពស់នៃរបបសឹកមីយ៉ាន់ម៉ា ពាក់ព័ន្ធបញ្ហានៃការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅតាមព្រំដែនជាប់ប្រទេសចិន។ នៅថ្ងៃព្រហស្បតិ៍នេះ ចិនក៏បានចេញមុខអំពាវនាវ ឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅតំបន់ភាគខាងជើងមីយ៉ាន់ម៉ាផងដែរ៕