ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវសេចក្តីសោកស្តាយជាពន់ពេកចំពោះការផ្ទុះឡើង នូវការវាយប្រយុទ្ធគ្នានៅប្រទេសអ៉ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ទី១-ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវ សេចក្តីសោកស្តាយជាពន់ពេកចំពោះការផ្ទុះឡើងនូវការវាយប្រយុទ្ធគ្នានៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ។ ការកើនឡើងនូវអំពើហិង្សាដ៏គួរឱ្យរន្ធត់នេះ បានបណ្ដាលឱ្យប្រជាជនស្លូតត្រង់ រាប់រយនាក់បាត់បង់ជីវិត រួមទាំងនិស្សិតកម្ពុជាមួយរូបនៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃសព របស់ភាគីទាំងពីរដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ។
ទី២-ដោយចាត់ទុកសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់ រួមទាំងប្រជាពលរដ្ឋកម្ពុជា ជាអាទិភាពចម្បង កម្ពុជាសូមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងស្វែងរក មធ្យោបាយនានាដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្តោតអាទិភាព លើការការពារអាយុជីវិតជនស៊ីវិល និងការគោរពខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ កម្ពុជា សូមថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម។
ទី៣-កម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ច សន្ទនា និងកិច្ចចរចារប្រកបដោយអត្ថន័យ ឆ្ពោះទៅរកសន្តិភាពស្ថិតស្ថេរ និងប្រកបដោយយុត្តិធម៌។ ភាគីទាំងអស់ចាំបាច់ត្រូវចូលរួមក្នុងកិច្ចសន្ទនាស្ថាបនា សំដៅដោះស្រាយឬសគល់នៃជម្លោះ និង ស្វែងរកដំណោះស្រាយដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។
និងទី៤-កម្ពុជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តោតអាទិភាពចម្បងលើការស្វែងរកសន្តិភាព យុត្តិធម៌ និងសន្តិសុខសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់។ គ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវចូលរួមធ្វើការ ជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីដែលធានាបាននូវសុខមាលភាព និងសុវត្ថិភាព សម្រាប់គ្រប់គ្នា៕