និស្សិតខ្មែរ រស់នៅតំបន់ Karmia ប្រទេសអ៊ីស្រាអែល អំពាវនាវឱ្យជួយអន្ដរាគមន៍ពួកគាត់ ឱ្យបានឆាប់រហ័ស
អ៊ីស្រាអែល ៖ និស្សិតខ្មែរ រស់នៅតំបន់ Karmia ប្រទេសអ៊ីស្រាអែល បានអំពាវនាវឱ្យជួយអន្ដរាគមន៍ពួកគាត់ ចេញពីតំបន់ប្រយុទ្ធគ្នា ឱ្យបានឆាប់រហ័ស ព្រោះថា ពួកគាត់មានភិតភ័យ។
និស្សិតខ្មែរ ៣រូប រស់នៅតំបន់ Karmia ប្រទេសអ៊ីស្រាអែល រួមមាន ៖ លោក ស៊ុ ភិរុណ ជានិស្សិតសកលវិទ្យាល័យ ភូមិន្ទកសិកម្ម, លោក អឿន សុពល ជានិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្ម, លោក ឈូយ សុវណ្ណារត្ន័ និស្សិតវិទ្យាស្ថានកំពង់ចាម។
ជុំវិញបញ្ហាខាងលើនេះ លោក ស៊ុ ភិរុណ និស្សិតខ្មែរ កំពុងសិក្សានៅប្រទេសអ៊ីស្រាអែល បានថ្លែងប្រាប់សារព័ត៌មាន NP News តាមរយៈសារសំឡេងហ្វេសប៊ុក នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ថា «ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា និងសហការជាមួយរដ្ឋាភិបាលប្រទេសអ៊ីស្រាអែល មកជម្លៀសពួកយើងចេញទៅកន្លែងសុវត្ថិភាព និងបញ្ជូនទៅប្រទេសកម្ពុជា»។
លោក បន្ដថា «ខ្ញុំ ក៏សូមអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះ និស្សិត និងប្រជាពលរដ្ឋខ្មែរ នៅប្រទេសអ៊ីស្រាអែល។ ខ្ញុំ សូមអំពាវនាវ ជួយអន្ដរាគមន៍ឱ្យឆាប់រហ័ស ដោយសារពួកខ្ញុំ នៅតំបន់ក្រហម មានគ្រាប់ផ្លោង ពួកខ្ញុំ រស់នៅទាំងភិតភ័យ»។
លោក បន្ថែមថា ពួកគេកាន់តែបារម្ភមែនទែន ហើយមួយថ្ងៃៗនៅក្នុងត្រង់សេ ដោយសារការបាញ់ប្រហារ និងគ្រាប់ធ្លាក់នៅក្បែរកសិដ្ឋាន។
សូមរំលឹកថា ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងការបរទេសកម្ពុជា បានសម្ដែងនូវសេចក្តីសោកស្ដាយជាពន់ពេកចំពោះការផ្ទុះឡើងនូវការវាយប្រយុទ្ធគ្នានៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣នៅប្រទេសអ៉ីស្រាអែល។ ក្រសួងការបរទេសកម្ពុជា បានទទូចឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ចសន្ទនា និងកិច្ចចរចារប្រកបដោយអត្ថន័យ ឆ្ពោះទៅរកសន្តិភាពស្ថិតស្ថេរ និងប្រកបដោយយុត្តិធម៌។ ភាគីទាំងអស់ចាំបាច់ត្រូវចូលរួមក្នុងកិច្ចសន្ទនាស្ថាបនា សំដៅដោះស្រាយឬសគល់នៃជម្លោះ និងស្វែងរកដំណោះស្រាយដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបណ្ដាលឱ្យនិស្សិតខ្មែរម្នាក់ (ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ៤៥០នាក់ កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល) បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត៕