មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី១៤ តុលានេះប្រគល់ជនសង្ស័យចំនួន ២៣៤៩ នាក់ទៅឱ្យរដ្ឋាភិបាលទីក្រុងបេកាំង ពាក់ព័ន្ធករណីបោកប្រាស់តាមប្រព័ន្ធអ៉ីធើណេត ក្នុងប្រទេសមីយ៉ាន់ម៉ា។នេះជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមកនៃការបញ្ជូនជនសង្ស័យ។

យោងតាមរបាយការណ៍របស់ក្រសួងសន្តិសុខសាធារណៈនៃប្រទេសចិន បានគូសបញ្ជាក់ថា យ៉ាងហោចណាស់មាន«ជនសង្ស័យ»ចំនួន២៣៤៩ នាក់ត្រូវបានប្រគល់ទៅប្រទេសចិន តាមរយៈទីភ្នាក់ងារសន្តិសុខសាធារណៈប្រទេសចិន នៅទីក្រុងគុនមីង នៃខេត្តយូណាន ជាំងស៊ូ ហឺណាន សានទុង ហ៊ូណាន ឆុងឈីង និង កន្លែងផ្សេងទៀត ដើម្បីអនុវត្តការងារស៊ើបអង្កេតករណីនេះ។

បើតាមរបាយការណ៍ គិតមកដល់ពេលបច្ចុប្បន្ននេះ ជនសង្ស័យចំនួន ៤៦៦៦ នាក់នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាដែលពាក់ព័ន្ធនឹងករណីបោកប្រាស់តាមប្រព័ន្ធអ៉ីនធើណេត ត្រូវបានប្រគល់ទៅឱ្យប្រទេសចិន រួមទាំងជនរត់គេចខ្លួនចំនួន ២០៥ នាក់ ផងដែរ។ ចាប់តាំងពីខែសីហាឆ្នាំនេះ ចំនួនករណីបោកប្រាស់តាមប្រព័ន្ធអ៉ីនធើណេតទូទាំងប្រទេស និង ចំនួននៃការខាតបង់ទ្រព្យសម្បត្តិបានធ្លាក់ចុះ ២៤% និង ២០.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាការកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជនបោកប្រាស់បានល្បួងប្រជាជនចិនទៅកាន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ហើយប្រសិនបើជនរងគ្រោះមិនធ្វើតាមការបញ្ជា និង ចូលរួមក្នុងការឆបោកទេ ពួកគេអាចទទួលរងការរំលោភបំពានផ្សេងៗ ឬការគំរាមកំហែងផ្សេងៗ។

ប្រទេសចិន និងមីយ៉ាន់ម៉ា បានចាប់ផ្តើមប្រតិបត្តិការប្រឆាំងការបោកប្រាស់រួមគ្នា ជនសង្ស័យភាគច្រើនដែលត្រូវបានចាប់ខ្លួន គឺជាជនជាតិចិន។មីយ៉ាន់ម៉ា បានក្លាយជាតំបន់រងគ្រោះខ្លាំងបំផុតសម្រាប់ការបោកប្រាស់តាមប្រព័ន្ធអ៉ីនធើណេត នៅតំបន់អាស៊ីអាគ្នេយ៍ និង ពិភពលោក។ យោងតាមស្ថិតិមានកន្លែងដើម្បីឆបោករាប់រយកន្លែងជាប់ព្រំដែន មីយ៉ាន់ម៉ា និង ប្រទេសថៃ ហើយក្រុមឆបោកប្រចាំតំបន់ផ្នែកខ្លះនៃភាគខាងជើងប្រទេសមីយ៉ាន់ម៉ា មានសរុបយ៉ាងហោចណាស់មាន១០០០កន្លែង ហើយមនុស្សជាង១០ម៉ឺន នាក់បានប្រព្រឹត្តអំពើបោកប្រាស់តាមប្រព័ន្ធអ៉ីនធើណេតជារាងរាល់ថ្ងៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ