សម្ដេចក្រឡាហោម ស ខេង ៖ សម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម នាពេលនេះ គឺបង្ហាញពីវីរភាពចំពោះជាតិ និងមាតុភូមិ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម នាពេលនេះ គឺបង្ហាញពីវីរភាព សមត្ថភាព ភាពវៃឆ្លាត និងការតស៊ូ លះបង់គ្រប់បែបយ៉ាងរបស់សម្តេច ចំពោះជាតិ និងមាតុភូមិ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង និងភរិយា បានចូលរួមអបអរសាទរ យ៉ាងក្លៀវក្លាបំផុតជាមួយ កងកម្លាំង និងមន្ត្រីរាជការទាំងអស់ នៃក្រសួងមហាផ្ទៃ ព្រមទាំងជនរួមជាតិខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស ចំពោះការទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចក្រឡាហោម បញ្ជាក់ថា «ការទទួលពានរង្វាន់ សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម នាពេលនេះ មិនគ្រាន់តែបង្ហាញពីវីរភាព សមត្ថភាព ភាពវៃឆ្លាត និងការតស៊ូ លះបង់គ្រប់បែបយ៉ាងរបស់សម្តេច ចំពោះជាតិ និងមាតុភូមិ ប៉ុណ្ណោះទេ ប៉ុន្តែជាការលើកតម្កើងនូវកិត្តិយស និងកិត្យានុភាពជាតិយើងកាន់តែខ្ពស់ថែមទៀត លើឆាកអន្តរជាតិ។
សម្ដេច ឧបនាយករដ្ឋមន្ដ្រី ក៏បានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យគ្រប់ជ្រុងជ្រោយរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី មាតុភូមិកម្ពុជាប្រកដជានឹងបន្តទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍអស់កាលជាអង្វែងតរៀងទៅ៕EB