ឥណ្ឌា៖ អាជ្ញាធរក្នុងរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា បានប្រកាសបិទសាលារៀន ការិយាល័យធ្វើការ និងការដឹកជញ្ជូនសាធារណៈមួយចំនួន ខណៈពួកគេកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលនៃមេរោគ Nipahក្រោយមនុស្សពីរនាក់បានបាត់បង់ជីវិត ដោយសារជំងឺនេះ។

មន្ត្រីសុខាភិបាលរដ្ឋបានឱ្យដឹងថា មនុស្សពេញវ័យពីរនាក់ និងកុមារម្នាក់បានឆ្លងមេរោគ នីប៉ា និងកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ ហើយមនុស្សជាង៧០០នាក់ កំពុងត្រូវបានធ្វើតេស្តរកមេរោគ ដែលរីករាលដាលតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសារធាតុរាវក្នុងខ្លួនរបស់សត្វប្រចៀវ ជ្រូក ឬមនុស្សដែលឆ្លងមេរោគ។ 

យ៉ាងណាមិញ លទ្ធផលនៃការធ្វើតេស្តមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។ អ្នកឆ្លងពីរនាក់បានស្លាប់ ចាប់តាំងពីថ្ងៃទី៣០ ខែសីហា នៅក្នុងការផ្ទុះឡើងនៃវីរុសនេះជាលើកទី៤ ចាប់តាំងពីឆ្នាំ២០១៨ ដោយបង្ខំឱ្យអាជ្ញាធរប្រកាសបង្កើតតំបន់ហាមឃាត់នៅក្នុងភូមិយ៉ាងហោចណាស់ប្រាំពីរ ក្នុងស្រុក Kozhikode។ ការធ្វើចត្តាឡីស័កយ៉ាងតឹងរ៉ឹងត្រូវបានអនុម័ត ដោយបុគ្គលិកពេទ្យត្រូវបានដាក់ឱ្យនៅដាច់ពីគេ បន្ទាប់ពីមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកឆ្លងមេរោគ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ