វៀតណាម៖ ចាហ្វាយខេត្ត An Giang លោក ង្វៀន ថាញ់ប៊ិញ ​នៅតំបន់ដីសណ្ដទន្លេមេ​គង្គត្រូ​វបានចា​ប់​ខ្លួនពីបទប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីជួយក្រុមហ៊ុនម៉ៅការផ្លូវល្បឿនលឿ​ន​ពីខាងជើងទៅត្បូង ដើម្បីប្រព្រឹត្តរឿងអាស្រូវការបូមខ្សាច់ដ៏ធំបំផុតនៅក្នុងប្រទេស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNexpressនៅថ្ងៃទី ២៦ ខែធ្នូ​ ឆ្នាំ២០២៣។

លោក ង្វៀន ថាញ់ប៊ិញ ត្រូវ​បាន​ក្រសួង​សន្តិសុខ​សាធារណៈ​ឃុំខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ទី២៥ ខែធ្នូ ដោយ​កាត់​​ទោស​ពី​បទ​បំពាន​អំណាច និងបានប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន Trung Hau 68 JSC ដើម្បីរុករក កេងប្រវ័ញ្ច និងកែតម្រូវសមត្ថភាពដោយខុសច្បាប់ នៅអណ្តូងខ្សាច់​ក្នុងឃុំ My Hiep និង Binh Phuoc Xuan ក្នុងស្រុក Cho Moi នៃខេត្តមាត់ជ្រូក(កម្ពុជាក្រោម)។

 

ក្នុងសេចក្តីថ្លែងការណ៍បា​នកត់ស​ម្គាល់ថា៖«លោក ប៊ិញ បានបំពានអំណាចរបស់ខ្លួន ធ្វើអន្តរាគមន៍ និងចេញបទបញ្ជាដើម្បីឱ្យក្រុមហ៊ុន Trung Hau ៦៨ អាចកេងយកខ្សាច់លើស​បរិមាណ​កំណត់នៅក្នុងខេត្តមាត់ជ្រូក ដោយទទួលបានទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់»

សូមបញ្ជាក់ថា​ ក្រុមហ៊ុន Trung Hau 68 បានបូមយកខ្សាច់ជាង ៤,៧លានម៉ែត្រគូប ដែល​មានតម្លៃ២៥៣លានដុងនៅលើទីផ្សារ ខណៈអាជ្ញាបណ្ណដើម្បីទាញយកមានត្រឹមតែ ១,៥លា​នម៉ែត្រគូបប៉ុណ្ណោះ៕

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ