កូរ៉េខាងត្បូង បញ្ជាឱ្យក្រុមបាតុករបំរើការក្នុងវិស័យដឹកជញ្ជូនត្រូវតែវិលត្រឡប់ចូល បំពេញការងារ របស់ខ្លួនវិញ
កូរ៉េខាងត្បូង៖រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងបានចេញបទបញ្ជាថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូម្សិលមិញ ដោយតម្រូវឱ្យក្រុមបាតុករជាបុគ្គលិកបំរើការងារនៅក្នុងវិស័យដឹកជញ្ជូនសម្រាប់ឧស្សាហកម្មផលិតស៊ីម៉ងត៍និងចម្រាញ់ប្រេងឥន្ធនៈ ត្រូវវិលត្រឡប់ចូលទៅបំពេញការងាររបស់ខ្លួនឡើងវិញ ដើម្បីជៀសវាងការបញ្ឈប់ចេញពីការងារ។
បើតាមសេចក្ដីប្រកាសជាសាធារណៈមួយដែលបានធើ្វឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Choo Kyung-ho ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ លោកបានបន្ដលើកឡើងអំពីផលប៉ះពាល់ធ្ងន់ធ្ងរទៅលើដំណើរការសេដ្ឋកិច្ចជាតិ ដោយសារតែការរាំងស្ទះដំណើរការផលិតកម្មដែលបណ្ដាលមកពីបញ្ហាដឹកជញ្ជូន។
បាតុកម្មតវ៉ាពីសំណាក់ក្រុមអ្នកបើកបររថយន្តដឹកទំនិញខាងលើនេះ គឺជាព្រឹត្តិការណ៍តវ៉ាដ៏ធំលើកទីពីរនៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់រយៈពេលជិតប្រាំមួយខែមកនេះ បានកំពុងបន្ដឈានចូលសប្តាហ៍ទីពីរ ដែលផ្តើមចេញពីការទាមទារឱ្យមានការតម្លើងប្រាក់ឈ្នួលអប្បបរមាពីរដ្ឋាភិបាល។
សូមបញ្ជាក់ថាបើតាមមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូងដដែលបានបន្ដឱ្យដឹងទៀតថា ការតវ៉ារបស់ក្រុមបាតុករក្នុងរយៈពេលជិតពីរសប្តាហ៍មកនេះ បានធើ្វឱ្យប៉ះពាល់ដល់ដំណើរការដឹកជញ្ជូនទំនិញមានទំហំទឹកប្រាក់សរុបប្រមាណជាង ២.៦៦ពាន់លានដុល្លារអាម៉េរិក៕SP