ប្រធានាធិបតីបារាំង ថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នូវជំហរប្រឆាំងសង្គ្រាមនៅអ៊ុយក្រែន
ប៉ារីស, បារាំង ៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រកាន់ជំហរប្រឆាំងនឹងសង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់លោកប្រធានាធិបតីបារាំង។ នៅឯវិមានរដ្ឋាភិបាលបារាំងអេលីហ្សេ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង បានធ្វើសន្និសីទរួមគ្នា ហើយបានអញ្ជើញទស្សនកិច្ច និងទទួលទានអាហារពេលល្ងាចនៅក្នុងវិមានអេលីហ្សេ ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។
ទន្ទឹមនឹងរំលឹកអំពីការជួយជ្រោមជ្រែងដល់កម្ពុជាលើដំណើរស្វែងរកសន្តិភាពកាលពីអតីតកាលហើយនោះ លោកប្រធានាធិបតីបារាំង ក៏បានបង្ហាញការអរគុណ និងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោ ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
លោកប្រធានាធិបតី បានគូសបញ្ជាក់ដូច្នេះ «ខណៈដែលសង្គ្រាមកំពុងកើតឡើងនៅអឺរ៉ុប សម្តេចបានសម្រេចចិត្តអញ្ជើញមកទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែន នៅក្នុងក្របខណ្ឌនៃការបន្តអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការធ្វើទុកបុកម្នេញរបស់ប្រទេសរុស្ស៉ី និងដើម្បីការពារសន្តិភាពជានិរន្ត។ ខ្ញុំសូមអរគុណសម្តេចជាឱឡារិក»៕EB