ភ្នំត្បែងកំពុងស្ថិតក្នុងការសិក្សាដើម្បីស្នើដាក់បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
លោកនេត្រ ភក្រ្តា បានលើកឡើងថា ភ្នំត្បែងជាតំបន់មួយក្នុងចំណោមតំបន់ចំនួន០៤ដែលត្រូវបានដាក់ស្នើបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមានដូចជា ទី១.តំបន់ដែនជម្រកសត្វព្រៃព្រែកប្រសព្វក្នុងខេត្តក្រចេះ។ ទី២.ព្រែកកាំពីស្ថិតនៅក្នុងខេត្តក្រចេះ។ ទី៣.តំបន់សហគមន៍ត្មាតប៉ើយ ធឿនក្រសាំងក្នុងខេត្តព្រះវិហារ និងទី៤.តំបន់ធម្មជាតិភ្នំត្បែងក្នុងខេត្តព្រះវិហារ។
អ្នកនាំពាក្យក្រសួងបរិស្ថានដដែលក៏បានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលនាំឲ្យអ្នកជំនាញសម្រេចចិត្តដាក់តំបន់ធម្មជាតិភ្នំត្បែងក្នុងបញ្ជីត្រៀម ដើម្បីស្នើសុំបញ្ចូលជាបេតិកភណ្ឌធម្មជាតិពិភពលោក ដោយហេតុថាតំបន់នេះមានសក្ដានុពល០៣សំខាន់ រួមមាន ទី១.ជាទីសក្ការៈបូជា។ ទី២.ជាតំបន់សម្បូរទៅដោយជីវៈចម្រុះ និងទី៣.ជាតំបន់ទេសចរណ៍ធម្មជាតិ។
ទន្ទឹមនឹងការឯកភាពក្នុងការរៀបចំដាក់តំបន់ធម្មជាតិភ្នំត្បែងទៅក្នុងបញ្ជីត្រៀម ដើម្បីស្នើសុំបញ្ចូលជាបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេស្កូ អ្នកជំនាញបានស្នើសុំដល់ក្រសួងបរិស្ថានឲ្យសិក្សានូវចំណុចចុងក្រោយបន្ថែមទៀត គឺផ្នែកទេសចរណ៍។ ពោល អ្នកជំនាញបានស្នើឲ្យភ្ជាប់ការសិក្សាផ្នែកទេសចរណ៍ពីតំបន់ធម្មជាតិភ្នំត្បែងទៅនឹងតំបន់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក ដោយការផ្សារភ្ជាប់លើការសិក្សារវាងតំបន់ភ្នំត្បែងនិងប្រាសាទព្រះវិហារ ជាដំណាក់កាលបន្តរបស់មន្រ្តីជំនាញក្នុងការបំពេញបន្ថែមលើឯកសារពាក់ព័ន្ធមុននឹងដាក់ជូនទៅអង្គការយូណេស្កូជាផ្លូវការ។
សូមជម្រាបថា តំបន់ធម្មជាតិភ្នំត្បែងមានភូមិសាស្រ្តគ្របដណ្តប់ស្រុកចំនួន០៥ រួមមាន ស្រុកគូលេន ស្រុកសង្គមថ្មី ស្រុកត្បែងមានជ័យ ស្រុករវៀងនិងក្រុងព្រះវិហារ។ ភ្នំត្បែងមានកម្ពស់ជាង៤០០ម៉ែត្រដែលមានកាំជណ្តើរ ១,៨០០កាំ។ ភ្នំនេះមានផ្ទៃដីធម្មជាតិប្រមាណជាង២ម៉ឺន៥ពាន់ហិកតា អមទៅដោយសម្រស់ធម្មជាតិដ៏ស្រស់បំព្រង និងមានទឹកធ្លាក់លាក់ខ្លួននៅកណ្ដាលព្រៃស្រោងយ៉ាងស្រស់ស្អាត មានដូចជា ទឹកធ្លាក់បីតង់តាម៉ា ទឹកធ្លាក់តាំងយូរឬទឹកធ្លាក់ចាក់អង្រែ រូងប្រជៀវភ្នំត្បែងនិងទីសក្ការៈបូជាថ្មបីដុំ។ ប៉ុន្តែមុននឹងទៅដល់ទីតាំងដ៏ស្រស់ស្អាតទាំងនេះ អ្នកដំណើរឬអ្នកទេសចរត្រូវធ្វើដំណើរឆ្លងកាត់ដោយថ្មើរជើង តាមផ្លូវជម្រេលភ្នំ ដែលអមសងខាងដោយចំការចេក ព្រៃឬស្សី ព្រៃស្រោង ព្រៃពាក់កណ្ដាកស្រោងដាច់កន្ទុយភ្នែក៕SP