ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា លទ្ធផលបណ្ដោះអាសន្ន ថ្ងៃទី១ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ១៦.៤៣៣នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ៥.៤៤២នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី២១ តុលា នេះ ថា «ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៦.៤៣៣ នាក់, អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៥.៤៤២ នាក់, អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៩៥០ នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៥.១៤២ នាក់។

គ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនបានត្រឹមត្រូវ។ លើសពីនេះ ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ