គ.ជ.ប ៖ ប្រហែលជាគ្មានការបោះឆ្នោតណាត្រឹមត្រូវបំផុត ដូចការបោះឆ្នោតនៅកម្ពុជា ដែលរាប់សន្លឹកឆ្នោត ក្នុងការិយាល័យបោះឆ្នោត
ភ្នំពេញ ៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ប្រហែលជាគ្មានការបោះឆ្នោតណា ដែលមានភាពត្រឹមត្រូវ គ្មានការលាក់លៀម គ្មានការកេងបន្លំ ដូចការបោះឆ្នោតនៅកម្ពុជានោះទេ ព្រោះជាការបោះឆ្នោតដោយមានការសង្កេតការណ៍ ពីភ្នាក់ងារគណបក្សនយោបាយ នៅតាមការិយាល័យបោះឆ្នោត ហើយការរាប់សន្លឹកឆ្នោតទៀតសោធ គឺធ្វើនៅការិយាល័យផ្ទាល់តែម្តង ដោយគ្មានការលាក់លៀមឡើយ។
ការថ្លែងរបស់ លោក ប្រាជ្ញ ចន្ទ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន សរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
លោកបានថ្លែងថា «ខ្ញុំក៏ដឹងដែរ កន្លងមកនេះក៏បែកធ្លាយព័ត៌មានមួយចំនួន អំពីផែនការគណបក្សមួយចំនួននោះ គាត់ត្រៀមប្រតិកម្មព័ត៌មានទុកមុន ដោយរៀបចំសេនារីយ៉ូប្រតិកម្ម ហើយពេលខ្លះគាត់ក៏ចោទប្រកាន់មុនដែរ ថាការបោះឆ្នោត [លទ្ធផល] គេបានរៀបចំទុកហើយឲ្យបក្សនេះបានប៉ុន្មាន បក្សនោះបានប៉ុន្មាន។ ខ្ញុំថាយើងចង់បានការសង្កេតការណ៍ និងដាក់ភ្នាក់ងារពីគណបក្សដែលដាក់បេក្ខជន គាត់នឹងទៅមើលព័ត៌មានផ្ទាល់នៅការិយាល័យបោះឆ្នោតតែម្តង ប្រហែលជាគ្មានការបោះឆ្នោតណា ត្រង់បំផុតដូចការបោះឆ្នោតនៅកម្ពុជា ដែលរាប់សន្លឹងឆ្នោតនៅការិយាល័យបោះឆ្នោតនោះទេ បានន័យថាព័ត៌មានបានមកស្តែងចេញលទ្ធផលឃើញទាំងអស់គ្នា មិនអាចលាក់លៀមបានទេ គ្មាននរណាបន្លំកើតទេ ហើយដល់លទ្ធផលបានមកឃើញទាំងអស់គ្នា បិទឲ្យមើលថែមទៀត»។
លោកទៀតថ្លែងថា គ.ជ.ប បានខិតខំប្រឹងប្រែងណាស់ ក្នុងការធ្វើឲ្យការបោះឆ្នោតត្រឹមត្រូវ តម្លាភាព សច្ចភាព គ្មានការក្លែងបន្លំទេ តែចំពោះការវាយតម្លៃរបស់អ្នកចាញ់ គឺគេមិនពេញចិត្ត មិនបានស្តែងចេញពីស្ថានភាពជាក់ស្តែងនោះទេ។
ប្រធានគ.ជ.ប បានលើកឡើងថា ប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង ៧.១លាននាក់ បានមកចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង ៩.២លាននាក់។ លោកបន្ថែមថា ការបោះឆ្នោតនេះ ដោយសារកិច្ចសហការល្អរវាងភាគីពាក់ព័ន្ធ ធ្វើឲ្យដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ គ្មានហិង្សា និងការគំរាមកំហែង៕EB