ភ្នំពេញ ៖ គណៈកម្មាធីការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ថ្ងៃឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ថ្ងៃដំបូង បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយទាំង ១៧ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោតទៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួននៅតាមឃុំ សង្កាត់ ដែលខ្លួនឈរឈ្មោះបោះឆ្នោត។

គ.ជ.ប បន្ដថា គណបក្សនយោបាយទាំងនោះ បានធ្វើសកម្មភាពឃោសនាជាអាទិ៍ ការជួបជុំ ការហែក្បួន ឃោសនា ការប្រគុំតន្ត្រី ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការឃោសនាតាមផ្ទះ ការចែកខិត្តប័ណ្ណ និងបិទបដាជាដើម។

គួរកត់សម្គាល់ផងដែរថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងថ្ងៃដំបូងនេះ មានគណបក្សនយោបាយចំនួន៤ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយចំនួន ២ បានហែក្បួនជាទ្រង់ទ្រាយធំ គឺគណបក្សប្រជាជនកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ ៤០.០០០នាក់ និងគណបក្សភ្លើងទៀន ដែលមានអ្នកចូលរួមប្រមាណ ១.៥០០នាក់ រីឯគណបក្សចំនួន ២ ទៀត គឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើសកម្មភាពហែក្បួនឃោសនា ចាក់មេក្រូចល័ត ចែកខិត្តប័ណ្ណនៅតាមសង្កាត់មួយចំនួនដែលខ្លួនបានចុះបញ្ជីបេក្ខជន។

គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា «ជារួមដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី ជាមួយគណៈកម្មការរៀបចំការបោះឆ្នោត តាមលំដាប់ថ្នាក់ និងគណបក្សនយោបាយផងនោះ ដំណើរការឃោសនា បោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ»។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពតាមច្បាប់ បទបញ្ជា និងនីតិវិធី រួមនិងសេចក្តីណែនាំរបស់ គ.ជ.ប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ