ភ្នំពេញ  ៖ កម្ពុជាបានចំណាយថវិកាប្រមាណ  ៦០លានដុល្លារអាមេរិក ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

នេះបើតាម លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ ឃោសនា និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) បញ្ជាក់ប្រាប់បណ្តាទូត ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ នៅរដ្ឋសភា នារសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

លោក សួស យ៉ារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «រាល់ការបោះឆ្នោតរបស់យើងនីមួយៗ ទោះបីសេដ្ឋកិច្ចយើងមិនទាន់កើនឡើង ទៅតាមបំណងតម្រូវការក៏ដោយ ក៏រាជរដ្ឋាភិបាលបានស្នើថវិកាវិនិយោគយ៉ាងច្រើន ទៅលើប្រជាធិបតេយ្យ ហើយរដ្ឋសភាយើងក៏អនុម័តយ៉ាងទាន់ពេលវេលា។ ឧទាហរណ៍ ការបោះឆ្នោតឃុំសង្កាត់នេះ យើងបានចំណាយថវិកាប្រមាណ ៦០លានដុល្លារ ដើម្បីធ្វើការចាយទៅលើការបោះឆ្នោត ហើយរួមទាំងការចុះបញ្ជី។ ឯកឧត្តម លោកជំទាវ ជ្រាបស្រាប់ហើយថា គ្រាន់តែចុះបញ្ជី យើងប្រើថវិកា លើសពី១៦លានដុល្លារ»។

លោក បានបន្តថា ថវិកានីមួយៗរាល់ដងកម្ពុជាបានជំនួយពីមិត្តភក្តិទាំងអស់ មកពីជុំវិញពិភពលោក តាមរយៈនៃយន្តការអង្គការសហប្រជាជាតិ តាមយន្តការនៃការសហការគ្នាជាពហុភាគី ដូចជាសហគមន៍អឺរ៉ុប ប្រទេសចិន និងប្រទេសជប៉ុន ដែលសុទ្ធតែបានចូលរួមចំណែកផ្នែកបច្ចេកទេស ថវិកា និងចំពោះការពង្រឹងសមត្ថភាពមន្ត្រី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) របស់កម្ពុជា ផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ឋ ៨០.១៩ភាគរយ ស្មើនឹងជាង៧.៣លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ