កំពង់ឆ្នាំង ៖ លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាប្រធានអនុគណៈកម្មការរៀបចំការប្រឡងសម្រាប់មណ្ឌលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជារឿងសំខាន់ ហេតុនេះ គ.ជ.ប បានធ្វើការយ៉ាងហ្មត់ចត់ប្រកបដោយភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ មុននឹងធ្វើការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប)។

ការលើកឡើងបែបនេះ របស់លោក នុត សុខុម បានធ្វើឡើងក្នុងឱកាសចុះត្រួតពិនិត្យដំណើរការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ សម្រាប់មណ្ឌលប្រឡងខេត្តកំពង់ឆ្នាំង។

លោក នុត សុខុម បានបន្តថា ដើម្បីឱ្យការប្រឡងប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព វិញ្ញាសាប្រឡងគឺចេញដោយ គ.ជ.ប ហើយបិទឃ្លុំជិតតែម្តង។

នាឱកាសនោះដែរ លោក នុត សុខុម ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់ទីតាំងធ្វើជាមណ្ឌលប្រឡង ក៏ដូចជាធនធានមនុស្សក្នុងការចូលរួមជាមួយ គ.ជ.ប ទាំងថ្នាក់រាជធានី ខេត្ត ឃុំ សង្កាត់ និងការិយាល័យបោះឆ្នោតផងដែរ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន ១៧៥រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ