ភ្នំពេញ  ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរដល់ក្រុមការងាររាជរដ្ឋាភិបាល ដែល មាន  សម្ដេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ  បានដឹកនាំដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ពេលជួបទុក្ខលំបាក រួមទាំងរងគ្រោះដោយសារគ្រោះទឹកជនន់ផងដែរ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តព្រៃវែងចំនួន ៦,១១២គ្រួសារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានប្រឹងប្រែងជម្នះនូវការលំបាកខិតខំជួយដោះស្រាយ ចំពោះការលំបាករបស់ប្រជាពលរដ្ឋ។ ជាមួយនេះ ក៏សូមថ្លែងនូវការអរគុណ និងវាយតម្លៃខ្ពស់ក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចក្រឡាហោម ស ខេង ដឹកនាំដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងទៅ។ ខ្ញុំពិតជាមានការអរគុណជាមួយនឹងការខិតខំទាំងអស់ របស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលបានជួយដោះស្រាយបញ្ហា ដែលមិនទុកឲ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ»។

សម្តេចតេជោ  នាយករដ្ឋមន្ត្រី បានចូលរួមសោកស្តាយ និងចែករំលែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ ដែលបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ សម្តេចបញ្ជាក់ថា នៅថ្ងៃទី៣០ ខែតុលានេះ ជាថ្ងៃចុងក្រោយដែលសម្តេចចុះចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត ដែលបានជួបប្រទះនូវបញ្ហាគ្រោះទឹកជំនន់ សម្រាប់ខេត្តផ្សេងៗទៀត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចុះចែកជូនបន្តបន្ទាប់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ