ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ដាំផ្ញើទៅក្មេងពាលតាំងពីកំណើនថា ចាប់តាំងពីឆ្នាំ១៩៩៩ មក ភរិយាសម្ដេច មិនដែលខកខានក្នុងការចូលរួមប្រជុំអាស៊ានប្រចាំឆ្នាំជាមួយ សម្ដេច ឡើយ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសោកស្តាយដោយភរិយាសម្ដេច មិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាបាន ដោយសារបញ្ហាសុខភាព។

សម្ដេចតេជោ បានថ្លែងឱ្យដឹងថា «តាំងពីចូលរួមអាស៊ាន១៩៩៩ មក ភរិយាខ្ញុំ មិនដែលខកខាន ក្នុងការចូលរួមប្រជុំអាស៊ានប្រចាំឆ្នាំជាមួយខ្ញុំ ឡើយ។ ពេលធ្វើប្រធានអាស៊ានឆ្នាំ២០០២ និងឆ្នាំ២០១២ភរិយាខ្ញុំ បានបំពេញកិច្ចការដ៏ល្អ ក្នុងនាមភរិយាប្រធានអាស៊ាន»។

សម្ដេចតេជោ បន្ដថា មិនត្រឹមតែអាស៊ានទេដែលភរិយាសម្ដេច ចូលរួមអមដំណើរសម្ដេច គឺគ្រប់វេទិការអន្តរជាតិតែម្តង ដែលភរិយានៅជាមួយសម្ដេច រហូត មានអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធត្បូង អាស៊ី អឺរ៉ុប ជាដើម។

សម្ដេចតេជោ បន្ថែមថា សូម្បីតែការចរចារកសន្តិភាពរវាងភាគីកម្ពុជា ក៏មានវត្តមានភរិយាទៅចូលរួមជាប់ជានិច្ច ដែលគេអាចមើលឃើញក្នុងខ្សែភាពយន្តគេ និងឃើញភរិយាសម្ដេច ឈរពីក្រោយសម្ដេច នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសតាំងពីក្មេងពាលនៅស្រាតនៅឡើយ។

លើសពីនេះទៀត សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា «នៅមានទៀតភរិយាខ្ញុំ នៅបានធ្វើសកម្មភាពដោយឡែកផ្សេងទៀតនៅតាមទីកន្លែង និងប្រធានបទខុសៗគ្នារាប់ទាំងទៅថ្លែងការនៅអង្គការសហប្រជាជាតិ តាមការអញ្ជើញពីអគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង។ ផ្តាំទៅក្មេងពាលពីកំណើតឈប់បាន ឈប់ទៅ រឿងបោកប្រាស់»។

សូមរំលឹកថា ទោះបី សម្តេចតេជោ ហ៊ុន សែន មិនបញ្ចេញឈ្មោះក្មេងពាលពីកំណើត នោះជានរណា ប៉ុន្តែគេដឹងថា ចង់សំដៅទៅដល់អ្នកវិភាគក្រៅស្រុក គឹម សុខ ដែលបាននិយាយជាមួយវិទ្យុបរទេសថា អវត្តមានរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសារបញ្ហាសុខភាព គឺជារឿងមិនសមហេតុផល ហើយអ្នកវិភាគរូបនេះបែរជាលើកឡើងថា ការអវត្តមានរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលភរិយា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា គឺដោយសារការអសមត្ថភាព ទៅវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ