ក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិកាលពីថ្ងៃទី២៣ខែមករា បានចេញសេចក្ដីថ្លែងការណ៍មួយច្បាប់ ដោយសម្ដែងការខកចិត្ដនិសោកស្ដាយជាខ្លាំង ចំពោះបុគ្គលឈ្មោះឯក សុវត្ថី ជាពលរដ្ឋអូស្ដ្រាលីដើមកំណើតខ្មែររស់នៅក្នុងទីក្រុងស៊ីដនី។ ក្រសួងការបរទេសចេញសេចក្ដីថ្លែងការណ៍ដោយហេតុថា បុរសរូបនេះបានផ្ញើលិខិតជូនរដ្ឋមន្ដ្រីពាណិជ្ជកម្មអូស្ដ្រាលី ដោយចោទប្រកាន់ថាការនាំអង្ករកម្ពុជាទៅប្រទេសអូស្ដ្រាលី មានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ក្រសួងចាត់ទុកទង្វើនេះធ្វើឡើងក្នុងគោលបំណងទុច្ចរិត រារាំងដល់ការនាំអង្ករពីកម្ពុជាចូលទីផ្សារអូស្ដ្រាលី។


ដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករខ្មែរ និងកេរ្ដិ៍ឈ្មោះអង្ករកម្ពុជា ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ដ្រាលីនិងណូវែលសេឡង់ បានបកស្រាយបំភ្លឺជូនក្រសួងស្ថាប័នពាក់ព័ន្ធរបស់អូស្ដ្រាលី ជុំវិញការចោទប្រកាន់របស់លោកឯក សុវត្ថី។ ជាលទ្ធផល ភាគីអូស្ដ្រាលីបានឆ្លើយបញ្ជាក់ថា ផ្អែកលើការស្រាវជ្រាវរបស់ស្ថាប័នមានសមត្ថកិច្ចអូស្ដ្រាលីរកឃើញថា ការលើកឡើងរបស់បុគ្គលឈ្មោះឯក សុវត្ថី គឺជាការចោទប្រកាន់ដែលគ្មានភស្ដុតាងនិងមិនអាចយកជាការបាន។

ដូច្នេះតាមរយៈសេចក្ដីថ្លែងការណ៍ចេញកាលពីថ្ងៃទី២៣មករា អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិ បានប្រកាសថ្កោលទោសលើអ្នកប៉ុនប៉ងបំផ្លិចបំផ្លាញប្រយោជន៍ប្រជាកសិករខ្មែរ តាមរយៈទង្វើទុច្ចរិតនិងមួលបង្កាច់បំភ្លៃការពិតដូចមានលើកឡើងខាងដើម។ ក្រសួងក៏គូសបញ្ជាក់ដល់សាធារណជនជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចជាកាលបានផ្ដោតយកចិត្ដទុកដាក់ខ្ពស់ចំពោះប្រជាកសិករខ្មែរ និងកសិផលកម្ពុជា ពិសេសអង្ករ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយប្រទេសជាមិត្ដ និងដៃគូអភិវឌ្ឍ ក្នុងនោះក៏មានប្រទេសអូស្ដ្រាលីផងដែរ។ 

សូមរម្លឹកថា ពាក់ព័ន្ធនឹងការការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសអូស្ដ្រាលី កាលពីឆ្នាំ២០២០មានអតីតក្រុមសកម្មជនអតីតគណបក្សសង្គ្រោះជាតិ រស់នៅក្នុងតំបន់មួយនៃប្រទេសអូស្ត្រាលីដែលដឹកនាំដោយឈ្មោះខៀវ ដារ៉ា ដែលបានអះអាងថាជាអ្នកតំណាងឲ្យពលរដ្ឋខ្មែរ-អូស្ត្រាលី បានដាក់ញ្ញត្តិទៅតំណាងរាស្ត្រអូស្ត្រាលីមួយរូបផងដែរដោយបានចោទថា អង្កររបស់កម្ពុជាដែលបាននិងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី មានការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ 

ប៉ុន្ដែភ្លាមៗក៏ត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជា ចេញសេចក្តីថ្លែងការណ៍មួយបង្ហាញការសោកស្តាយ និងហួសចិត្តជាខ្លាំង ដោយចាត់ទុកការដាក់ញ្ញត្តិរបស់អតីតក្រុមសកម្មជនអតីតគណបក្សសង្គ្រោះជាតិខាងលើនេះ គឺជាការប្រឌិតរឿងគ្មានមូលដ្ឋាននិងទឡ្ហីករណ៍ពិតប្រាកដ។

ជាងនេះទៅទៀតវាជាចេតនាចង់បំផ្លាញផលប្រយោជន៍របស់ប្រទេសកម្ពុជា ពិសេសគឺផលប្រយោជន៍របស់កសិករខ្មែរ ដែលវិស័យនេះបាននឹងកំពុងផ្តល់ការងារជូនប្រជាជនកម្ពុជាប្រមាណ៣៧ភាគរយឬជាង៣.២លាននាក់។

សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបន្ថែមថា ជាច្រើនឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានលើកលែងការបង់ពន្ធលើដីស្រែ និងពន្ធគ្រប់ប្រភេទលើធាតុចូលកសិកម្ម គ្រាប់ពូជកសិកម្ម សម្ភារៈ និងគ្រឿងយន្តកសិកម្ម ព្រមទាំងគោលនយោបាយអគ្គិសនីសម្រាប់កសិកម្មផងដែរ។ ដើម្បីជួយដល់លំនឹងជីវភាពកសិករពិសេសស្ថិរភាពទីផ្សារស្រូវ រាជរដ្ឋាភិបាលក៏បានជួយដល់កសិករតាមរយៈកញ្ចប់ឥណទានពិសេស ផ្តល់ដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលធ្វើឲ្យលំនឹងទីផ្សារស្រូវមានស្ថិរភាព និងមានតម្លៃសមរម្យសម្រាប់កសិករក្នុងរយៈពេល៥ឆ្នាំចុងក្រោយ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ