សម្តេចតេជោ ហ៊ុន សែន អំពាវនាវថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចេញមកបញ្ជាក់ជាសាធារណៈថា តើការប្រមាថរបស់ទណ្ឌិត សម រង្ស៊ី ថា ព្រះមហាក្សត្រ គ្មានមនសិការស្នេហាជាតិ ត្រឹមត្រូវដែរឬទេ?
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មាន លោក ទាវ វណ្ណល់ លោក សុន ឆ័យ និងលោក ថាច់ សេដ្ឋា ចេញមកបញ្ជាក់ជាសាធារណ:ថា តើការប្រមាថរបស់ទណ្ឌិត សម រង្ស៊ី ដែលថា ព្រះមហាក្សត្រ គ្មានមនសិការស្នេហាជាតិ ជាការត្រឹមត្រូវដែរឬទេ?
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះ នាឱកាសអញ្ជើញសំណេះសំណាល និង ផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
សម្ដេចតេជោ បានថ្លែងថា «ខ្ញុំសូមយកឱកាសនេះ និយាយដោយត្រង់ជូនចំពោះឯកឧត្ដម ទាវ វណ្ណុល ឯកឧត្ដម ថាច់ សេដ្ឋា ឯកឧត្ដម សុន ឆ័យ ដែលជាមេដឹកនាំគណបក្សភ្លើងទៀន សូមចេញមកបញ្ជាក់អះអាងថា តើការនិយាយរបស់ សម រង្ស៊ី ខ្ញុំចំឈ្មោះអាហ្នឹងចុះ ព្រោះវាមិនអាចថា ក្រែងលោមានការភ័ន្ដច្រឡំ តើការនិយាយរបស់អា សម រង្ស៊ី ត្រឹមត្រូវ ឬមិនត្រូវ យើងចង់បានការបញ្ជាក់ពីគណបក្សភ្លើងទៀន ឲ្យបានច្បាស់ ថាតើការប្រមាថព្រះមហាក្សត្រ និងចាត់ទុកព្រះមហាក្សត្រ គ្មានមនសិការជាតិសូម្បីតែបន្តិច និងជាជនក្បត់ជាតិ តើត្រឹមត្រូវឬទេ»?
នាឱកាសនោះ សម្តេចតេជោ បានសង្ឃឹមថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទាំងនេះ នឹងចេញមកបកស្រាយដល់សាធារណជន ក៏ដូចជា សមាជិក សមាជិការបស់ខ្លួនជាមិនខាន។ បើមិនមិនចង់មានបញ្ហាដល់គណបក្សភ្លើងទៀន។
លើសពីនេះ សម្ដេចតេជោ ក៏បានប្រកាសឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រុងប្រៀប ត្រៀមខ្លួនទប់ទល់នឹងចលនាប្រមាថយ៉ាងធ្ងន់ធ្ងរលើ ព្រះករុណា ព្រះមហាក្សត្រ និងមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវដល់បក្សនយោបាយនានា និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ងើបឡើងប្រឆាំងនឹងជនក្បត់ជាតិឈ្មោះទណ្ឌិត សម រង្ស៊ី ហៅ«អាក្បត់ជាតិ ៣ជំនាន់»។
សម្រាប់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ការរួមគ្នាប្រឆាំងនឹងទណ្ឌិតរត់ចោលស្រុកនេះ គឺដើម្បីការពាររាជបល្ល័ង្គ និងការពាររាជានិយមនៅកម្ពុជា។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ សម រង្ស៊ី បានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរថា «មិនមានមនសិការជាតិ និងក្បត់ជាតិ»។