តុលាការថៃ ចេញដីកាចាប់ខ្លួនមន្ត្រីប៉ូលីសផ្នែកបង្ក្រាបគ្រឿងញៀនចំនួន៧ នាក់ បន្ទាប់ពីរកឃើញថា បានធ្វើការលួចលាក់សារធាតុញៀនដើម្បីជួញដូរបន្ត
ប្រទេសថៃ៖តុលាការថៃ បានចេញដីកាចាប់ខ្លួនតម្រួតចំនួន ៧ នាក់ ដែលសុទ្ធសឹងជាមន្ត្រីតម្រួតនៅក្នុង បន្ទាប់ពីរកឃើញថា មានការពាក់ព័ន្ធនឹងការចុះបង្ក្រាបរួចហើយ យកវត្ថុតាងលាក់ទុក ដើម្បីជួញដូរបន្ត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
ចំពោះការឃាត់ខ្លួននេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ថាធ្វើឡើងកាលពីល្ងាចថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ នៅក្នុងស្ថានីយតម្រួតបវរមង្គល នាទីក្រុងបាងកក ប្រទេសថៃ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យមួយរូប ក្រោយពីសមត្ថកិច្ចចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង បានឲ្យដឹងថា រូបគេបានទិញពី (ភូកង ប៊ីន)។
ក្រោយពីបានស្រាវជ្រាវរួចមកទើបដឹងថា ភូកង ប៊ីន គឺជាតម្រួតមួយរូប មានតួនាទីជានាយផ្នែកបង្ក្រាបគ្រឿងញៀន នៅក្នុងស្ថានីយតម្រួត បវរមង្គល ក្នុងទីក្រុងបាងកក។តាមការលើកឡើងពីលោកអធិការ បញ្ជាក់ថា កាលពីថ្ងៃទី ១០ កុម្ភៈកន្លងទៅនេះ ក្រុមរបស់លោក ប៊ីន បានចុះបង្ក្រាបករណីគ្រឿងញៀននៅក្នុងខន់ដូ មួយកន្លែង ប៉ុន្តែលោកមិនបានទទួលនូវសេចក្ដីរាយការណ៍អំពីវត្ថុតាងដែលត្រូវដកហូតនោះឡើយ មានន័យថា ពួកគេបង្ក្រាបបានហើយប៉ុន្តែលាក់ទុកវត្ថុតាងទាំងអស់ដើម្បីចែកចាយវិញ។
នៅពេលកម្លាំងជំនាញចុះឆែកឆេរក្នុងបន្ទប់របស់ ភូកង ប៊ីន គឺបានរកឃើញសាក់កាដូមួយ ដែលក្នុងនោះមាន ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១៣.០០០ គ្រាប់ ថ្នាំញៀនប្រភេទទឹកកក ១០០ ក្រាម និង ថ្នាំញៀនប្រភេទគ្រវី K មួយចំនួនថែមទៀត។លោកអធិការបានបន្ថែមថា សរុបមន្ត្រីតម្រួតដែលពាក់ព័ន្ធមានចំនួន ៧ នាក់ ដោយបច្ចុប្បន្ន តុលាការ បានចេញដីកាចាប់ខ្លួនហើយ។ ប៉ុន្តែក្នុងចំណោមមន្ត្រីទាំង ៧ រូប មានម្នាក់ រត់គេចខ្លួនហើយ ហើយលោកក៏មិនអាចទទួលយកបានដែរចំពោះមន្ត្រីតម្រួតណាដែលមានការពាក់ព័ន្ធនឹងសារធាតុញៀន៕SP