WASHINGTON៖ អភិបាលរដ្ឋ លោក Andy Beshear បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ២៥ នាក់ រួមទាំងកុមារ ៤ នាក់ បានស្លាប់នៅក្នុងទឹកជំនន់ដែលកើតឡើងដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតរដ្ឋ Kentucky ហើយអ្នកស្លាប់បន្ថែមទៀតត្រូវបានគេរំពឹងថានឹងកើនឡើង។
ជាក់ស្តែង លោក Andy Beshear បានប្រាប់អ្នកយកព័ត៌មានថា "នេះនៅតែជាស្ថានភាពសង្គ្រោះបន្ទាន់" ។ "យើងស្ថិតនៅក្នុងរបៀបស្វែងរក និងជួយសង្គ្រោះ។ ជាថ្មីម្តងទៀត ចំនួននោះនឹងបន្តកើនឡើង។"
ភ្លៀងធ្លាក់ខ្លាំងពី ៥ ទៅ ១០ អ៊ីញយ៍ (ប្រហែល ១៣ ទៅ ២៥ សង់ទីម៉ែត្រ) បានវាយលុកតំបន់នេះចាប់ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ដោយបានបោកបក់ចូលតាមផ្ទះ ហូរកាត់ផ្លូវ និងហូរហែរតាមច្រាំងទន្លេ។ ខណៈពេលដែលតំបន់ភ្នំដ៏ចោត និងជ្រលងតូចចង្អៀត ធ្វើឱ្យវាងាយនឹងមានទឹកជំនន់ ជាហេតុដែលអ្នកជំនាញក៏កំពុងស្តីបន្ទោសដល់បំរែបំរួលនៃអាកាសធាតុ ។
ជាមួយគ្នានេះផងដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីគ្រោះមហន្តរាយដ៏ធំមួយនៅក្នុងរដ្ឋ Kentucky កាលពីថ្ងៃសុក្រ ដោយអនុញ្ញាតឱ្យប្រើថវិកាសហព័ន្ធបែងចែកទៅឱ្យរដ្ឋ Kentucky ។
គួររំលឹកថា ទឹកជំនន់នេះគឺជាគ្រោះមហន្តរាយជាតិដ៏ធំទី ២ ដែលបានវាយប្រហាររដ្ឋ Kentucky ក្នុងរយៈពេល ៧ខែ បន្ទាប់ពីព្យុះកំបុតត្បូងដែលបានសម្លាប់មនុស្សជិត ៨០ នាក់ នៅភាគខាងលិចនៃរដ្ឋកាលពីខែធ្នូ។ NR