ប៉ូលីសអឺរ៉ុបចាប់ខ្លួនជនសង្ស័យក្រុមម៉ាហ្វីយ៉ាឈ្មោះ Ndrangheta របស់អ៊ីតាលីជាង១០០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំមួយ
បរទេស៖ ប៉ូលីសនៅទូទាំងទ្វីបអឺរ៉ុបបានចាប់ខ្លួនមនុស្សជាង ១០០ នាក់ កាលពីថ្ងៃពុធ នៅក្នុងការបង្ក្រាបដ៏ធំមួយដែលផ្តោតលើក្រុមម៉ាហ្វីយ៉ា ឈ្មោះ Ndrangheta របស់អ៊ីតាលី ជាមួយនឹ ងជនសង្ស័យដែលត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងការជួញដូរអាវុធជាមួយ សមភាគីនៅអាមេរិកឡាទីន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អាល្លឺម៉ង់ លោកស្រី Nancy Faeser បាននិយាយថា "ការវាយឆ្មក់ថ្ងៃនេះ គឺជាប្រតិបត្តិការដ៏ធំបំផុតមួយ ដែលបានអនុវត្តរហូតមកដល់ពេលនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មដែលបានរៀបចំនៅអ៊ីតាលី" ដោយបន្ថែមថា ពួកគេបាន "វាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ក្រុម Ndrangheta" ។
យោងតាមទីភ្នាក់ងារអនុវត្តច្បាប់របស់សហភាពអឺរ៉ុប "Europol" បានឱ្យដឹងថា ការស៊ើបអង្កេតនេះ គឺជាផ្នែកមួយនៃការស៊ើបអង្កេតលើប្រទេសអ៊ីតាលី អាល្លឺម៉ង់ បែលហ្ស៊ិក ព័រទុយហ្គាល់ អេស្ប៉ាញ ស្លូវេនី រូម៉ានី ប្រេស៊ីល និងប៉ាណាម៉ា។
ជាងនេះទៅទៀត Europol បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តាញនេះត្រូវបានផ្តោតជាចម្បងចំពោះការជួញដូរគ្រឿងញៀនអន្តរជាតិពីអាមេរិកខាងត្បូងទៅកាន់អឺរ៉ុប និងអូស្ត្រាលី។ បណ្តាញនេះបានប្រើប្រាស់ឈ្មួញកណ្តាលប្រាក់របស់ចិននៅក្នុងប្រទេសអ៊ីតាលី និងកូឡុំប៊ី ដើម្បីរៀបចំឱ្យមានមូលនិធិផ្លាស់ប្តូរដើម្បីចំណាយលើកិច្ចព្រមព្រៀងគ្រឿងញៀន មេបញ្ជាការប៉ូលិសអ៊ីតាលី Massimiliano D'Angelantonio បានប្រាប់សន្និសីទសារព័ត៌មានមួយ។
ជាមួយគ្នានេះ Europol បានបន្ថែមថា ត្រកូល Ndrangheta ក៏ជាប់ពាក់ព័ន្ធក្នុងការរត់អាវុធពី ប៉ាគីស្ថានទៅកាន់អាមេរិកខាងត្បូង ដោយផ្គត់ផ្គង់ក្រុមឧក្រិដ្ឋជនប្រេស៊ីល PCC (Primeiro Comando da Capital) ជាថ្នូរនឹងការដឹកជញ្ជូនកូកាអ៊ីន។
គួរបញ្ជាក់ថា ក្រុម 'Ndrangheta ដែលមានឫសគល់នៅតំបន់ភាគខាងត្បូង Calabria នៃប្រទេសអ៊ីតាលី បានវ៉ាដាច់ Cosa Nostra ជាក្រុមម៉ាហ្វីយ៉ាដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេស និងជាបណ្តាញឧក្រិដ្ឋកម្មដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ NR