ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសកាន់ទុក្ខទូទាំងប្រទេស ក្នុងព្រឹត្តការណ៍បុណ្យ Halloween ដែលផ្តាច់ជីវិតមនុស្សខ្ទង់១៥០នាក់ នៅទីក្រុងសេអ៊ូល
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នៅថ្ងៃអាទិត្យនេះ បានប្រកាសពីរយៈពេលសម្រាប់ការកាន់ទុក្ខនៅទូទាំងប្រទេស បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ១៤៩នាក់បានស្លាប់ កាលពីយប់ថ្ងៃសៅរ៍ នៅសង្កាត់អ៉ីតែវ៉ុន (Itaewon) នៃរដ្ឋធានីសេអ៊ូល កំលុងពិធីបុណ្យ Halloween ដោយសារតែស្ថានភាពមនុស្សច្រើនកកកុញខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២។
លោក យូន បានផ្ញើការចូលរួមរំលែកទុក្ខដល់ គ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងជូនពរឱ្យអ្នករងរបួសទាំងអស់ ឆាប់ជាសះស្បើយវិញ រូបលោកមានអារម្មណ៍សោកសង្រេងជាទីបំផុត ពេលឃើញមានសោកនាដកម្មបែបនេះ កើតឡើងនៅកណ្តាលទីក្រុងសេអ៊ូល ហើយលោកបានប្តេជ្ញាថា នឹងរៀបចំចំណាត់ការផ្សេងៗ ដើម្បីទប់ស្កាត់កុំឱ្យហេតុការណ៍ស្រដៀងគ្នា អាចកើតមានឡើងសាជាថ្មី នាពេលអនាគត។
គួរបញ្ជាក់ថា បើតាមលោកប្រធានាធិបតីកូរ៉េខាងត្បូង រយៈពេលនៃការកាន់ទុក្ខនៅទូទាំងប្រទេស គឺចាប់ពីថ្ងៃនេះរហូតដល់ពេលដែល ការចាត់ចែងដោះស្រាយឧបទ្ទវហេតុបញ្ចប់ទៅវិញ។ ហេតុការណ៍មនុស្សណែនតាន់តាប់ រហូតបង្កឱ្យមានអ្នកស្លាប់ច្រើននាក់ខាងលើនេះ៕SP