ភ្នំពេញ ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា ជប៉ុន មិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឡើយ តែលើកទឹកចិត្ត គ.ជ.ប បង្កើនកិច្ចសហការជាមួយ សមាគម អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយ ជាពិសេស បក្សប្រឆាំង។ នេះបើតាមយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នាថ្ងៃទី១៩ តុលា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា ប្រទេសជប៉ុននៅតែប្រកាន់ជំហរបន្តជួយ គ.ជ.ប ក្នុងដំណើរការរៀបចំការបោះឆ្នោត ជាក់ស្ដែងអ្នកជំនាញការជប៉ុនផ្នែកអប់រំអ្នកបោះឆ្នោត លោក តូម៉ូយូគិ តាតស៊ូមិ បាននិងកំពុងបំពេញការងារយ៉ាងសកម្មនៅទីស្ដីការ គ.ជ.ប លើគម្រោងបញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោត ដែលជាស្នូលនៃលទ្ធិប្រជាធិបតេយ្យនៅតាមបណ្ដាគ្រឹះស្ថានសិក្សានៃរាជធានី ខេត្ត។

លោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា «ប្រទេសជប៉ុនមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ គ.ជ.ប ទេ ប៉ុន្តែលោកលើកទឹកចិត្តឱ្យ គ.ជ.ប បង្កើនកិច្ចសហការលើការងារអប់រំអ្នកបោះឆ្នោតជាមួយសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងបង្កើនដៃគូពិភាក្សាជាមួយគណបក្សនយោបាយ ពិសេសគណបក្សនយោបាយប្រឆាំង»។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា គ.ជ.ប ត្រូវអនុវត្តកិច្ចការរបស់ខ្លួនក្នុងដំណាក់កាលសំខាន់ៗទាំង៤ នៃដំណើរការរៀបចំការបោះឆ្នោត រួមមាន ៖ ទី១-ដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០២៣ ,ទី២-ដំណាក់កាលនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ,ទី៣-ដំណាក់កាលនៃការឃោសនាបោះឆ្នោត ,ទី៤-ដំណាក់កាលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ