ប្រវត្តិនៃបុណ្យភ្ជុំបិណ្ឌខ្មែរ
ពិធីបុណ្យភ្ជុំបិណ្ឌមកពីពាក្យថា«ភ្ជុំ»បូកជាមួយ«បិណ្ឌ»។ពាក្យថា«ភ្ជុំ»គឺមានន័យថាជាការជួបជុំគ្នាការប្រមូលផ្តុំគ្នា។ដោយឡែក ពាក្យថា«បិណ្ឌ»មកពីពាក្យបាលី«បិណ្ឌៈ» ដែលមានន័យថាជាបាយ។ ដូច្នេះពិធីបុណ្យភ្ជុំបិណ្ឌ មានន័យថា គឺជាការប្រជុំគ្នារបស់ប្រជាពលរដ្ឋខ្មែរដើម្បីជាការប្រមែប្រមូលបាយ ឬរៀបចំបាយដាក់ស្រាក់ យកទៅវត្តប្រគេនព្រះសង្ឃ ឬធ្វើជាពំនូតបាយ ឬដុំបាយដាក់ស្រាក់ទៅវត្ត ដើម្បីប្រគេនព្រះសង្ឃសូត្រធម៌ ឧទ្ទិសកុសលដល់ខ្មោចទាំងឡាយ ដែលបានស្លាប់ទៅ ដែលអស់លោកទាំងនោះអាចជា បងប្អូន ជីដូនជីតា ឬញាតិកាទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅ។
បើតាមតម្រាចារប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាបានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមក ដោយមាន២ដំណាក់កាល។ ក្នុងនោះដំណាក់កាលដំបូង គឺចាប់ផ្តើមពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ខែភទ្របទ គឺជាវារកភត្ត ដែលបច្ចុប្បន្នហៅថាបុណ្យកាន់បិណ្ឌ។ ចំណែកមួយដំណាក់កាលទៀត គឺនៅថ្ងៃ១៥រោច គឺហៅថាភ្ជុំបិណ្ឌ ហើយពិធីបុណ្យទាំង២ដំណាក់កាលនេះ បច្ចុប្បន្នត្រូវបានហៅកាត់ថាពិធី«បុណ្យភ្ជុំបិណ្យ»។
ការធ្វើបុណ្យដាក់បិណ្ឌ គឺដើម្បីឧទ្ទិសដល់បេតបុគ្គលដែលជាឪពុកម្តាយ បងប្អូន ញាតិសណ្តានទាំងឡាយដែលបានចែកស្ថានទៅហើយមិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
ជាមួយគ្នាក្នុងរយៈពេលនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរជាច្រើនប្រកាន់ជំនឿលើការបោះបាយបិណ្ឌនៅវេលាព្រឹកម៉ោង ៤ទាបភ្លឺ ដើម្បីឧទ្ទិសទៅដល់សាច់ញាតិដែលបានចែកដាននៅ ឬពពួកប្រេតទាំងឡាយណាដែលគ្មានសាច់ញាតិឧទ្ទិសបុណ្យកុសលជូន។ ដោយឡែក ជំនឿពូនភ្នំខ្សាច់ ឬចេតិយ៍ខ្សាច់ ដោយមានដាក់លុយនៅតាមភ្នំខ្សាច់ណីមួយៗ ព្រមទាំងបួងសួងវិញ គឺសំដៅលើការស្មាលាកំហុសបាបមួយចំនួនដែលខ្លួនបានសាងឡើង ដោយមិនបានចាប់អារម្មណ៍នាពេលកន្លងមក និងបានឧទ្ទិសបុណ្យកុសលជូនបុព្វការីជនផងដែរ។
នៅរដូវនេះ យមរាជនឹងបើកទ្វារនរក ដើម្បីឱ្យពពួកប្រេតបានឡើងទៅទទួលបុណ្យកុសលពីសាច់ញាតិនៅឋានកណ្តាល ដែលឧទ្ទិសជូន។ ដោយឡែក ការដែលបុព្វបុរសខ្មែរសម្រេចរៀបចំពិធីបុណ្យភ្ជុំបិណ្ឌនៅរដូវវស្សានេះ ដោយសារតែក្នុងរដូវនេះមានស្ថានភាពងងឹតខ្លាំងនៅពេលយប់ ដែលធ្វើឱ្យពពួកប្រេតអាចមានឳកាសស្វែងរកចំណីអាហារជាងរដូវកាលណាៗទាំងអស់។ ម្យ៉ាងវិញទៀត នៅរដូវវស្សានេះ អាហារបស់ពពួកប្រេតមានដូចជា ភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព និងកាកសំណល់អសោចិ៍ ដែលសម្បូរនៅក្នុងខែភ្លៀងនេះ។
ទន្ទឹមនោះ បុព្វបុរសខ្មែរតែងតែនិយាយតៗគ្នាថា រដូវសត្វនរកដែលត្រូវបានគេដោះលែងនេះ នឹងដើររកបងប្អូនកូនចៅគ្រប់ ៧វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឱ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន និងប្រទេចដាក់បណ្តាសាដល់ញាតិមិត្តមិនលែងឡើយ។ ការបើកទ្វារនរកនេះដែរ ប្រេតខ្លះអាចមានឳកាសរួចផុតពីទណ្ឌកម្មនៅនរក ខណៈប្រេតខ្លះទៀតត្រូវបានគេដោះលែងឱ្យនៅក្រៅនរកជាបណ្តោះអាសន្ន ដើម្បីទៅទទួលយកចំណី និងកុសលផលបុណ្យដែលកូនចៅបានឧទ្ទិសឱ្យ ហើយត្រូវត្រឡប់មកទទួលទុក្ខវេទនានៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។
សូមជម្រាបថា គេធ្វើពិធីបុណ្យនេះក៏ក្នុងគោលបំណងដើម្បីរៀបចំធ្វើសង្ឃគ្រឿងបរិក្ខាបរិភោគ សម្រាប់ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត ហេតុដូច្នេះទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា៕SP