ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានធ្វើការណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានលើ កុមារគ្រប់រូបភាពតាមប្រព័ន្ធអនឡាញ ឱ្យបានសមស្រប និងទាន់ពេលវេលា។

យោងតាមសារលិខិតរបស់រាជរដ្ឋាភិបាល ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្ដរជាតិ ១ មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ត្រូវបន្តការសម្របសម្រួល និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារកុមារ ជាអន្តរក្រសួង ស្ថាប័នដៃគូអភិវឌ្ឍ សង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព ជាពិសេស លើអនក្ខរកម្មបច្ចេកវិទ្យាពត៌មាន និងជំរុញលើកកម្ពស់ប្រជាជនកម្ពុជាឱ្យក្លាយជាប្រជាជនឌីជីថល ដែលមានសុវត្ថិភាព និងឧត្តមប្រយោជន៍។


សម្ដេចតេជោ គូសបញ្ជាក់ថា «ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយនិងបង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបទសង្គម តាមរយៈការទូន្មាន ប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារនិងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានលើ កុមារគ្រប់រូបភាពតាមប្រព័ន្ធអនឡាញ ឱ្យបានសមស្របនិងទាន់ពេលវេលា»។


សម្ដេចតេជោ ហ៊ុន សែន បន្ដថា លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងភាពជាពលរដ្ឋឌីជីថលនិងពង្រឹង ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះ ឱ្យមានប្រសិទ្ធភាព។ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀប ការពារ ប្រឆាំងនឹងការរំលោភបំពាន ការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុតគំរាមកំហែងគ្រប់ បែបយ៉ាង និងត្រូវធ្វើឱ្យកុមារអាចយល់ដឹងអំពីវិធីរាយការណ៍ដល់អាជ្ញាធរឬមនុស្សពេញវ័យដែលជាអ្នកថែទាំ ពួកគេ ចំពោះការលោភបំពានតាមគ្រប់រូបភាព។


សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ត្រូវបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីរួមចំណែកទប់ស្កាត់ការកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងលុបបំបាត់ពលកម្មកុមារនៅកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ