ប៉ាគីស្ថាន៖ ជនស៊ីវិលប៉ាគីស្ថាន ៦នាក់ និងទាហានអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងការបាញ់គ្រាប់ផ្លោង និងការបាញ់ប្រហារឆ្លងព្រំដែន នេះបើយោងតាមមន្ត្រីនៅសងខាងនៃព្រំដែនបានអោយដឹង។

ជាក់ស្តែង កងទ័ពប៉ាគីស្ថានបាននិយាយថា កងកម្លាំងព្រំដែនអាហ្វហ្គានីស្ថានបានបើក "ការបាញ់អាវុធធុនធ្ងន់ដោយមិនញញើតនិងមិនកោតក្រែង រួមទាំងកាំភ្លើងធំ/កាំភ្លើងបាញ់គ្រាប់ផ្លោង ទៅលើប្រជាជនស៊ីវិល" នៅឯច្រកព្រំដែន Chaman ដែលតភ្ជាប់ខេត្ត Balochistan ភាគខាងលិចរបស់ប្រទេសប៉ាគីស្ថានជាមួយខេត្ត Kandahar ភាគខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាន។

ជាមួយគ្នានេះដែរ យោធាប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនស៊ីវិល ៦ នាក់ បានស្លាប់បាត់បង់ជីវិត និង ១៧ នាក់ ផ្សេងទៀតបានរងរបួសនៅខាងប៉ាគីស្ថានដោយសារការបាញ់ប្រហាររបស់អាហ្វហ្គានីស្ថាន ដែលនាំឱ្យទាហានប៉ាគីស្ថានធ្វើការសងសឹកវិញ។

ដោយឡែក ប្រភពសន្តិសុខអាហ្វហ្គានីស្ថានឯនោះវិញបាននិយាយថា ការប៉ះទង្គិចគ្នាបានចាប់ផ្តើមបន្ទាប់ពីកងកម្លាំងប៉ាគីស្ថានទាមទារឱ្យកងកម្លាំងអាហ្វហ្គានីស្ថានឈប់សាងសង់ប៉ុស្តិ៍ត្រួតពិនិត្យថ្មីនៅម្ខាងព្រំដែនរបស់ពួកគេ។ ម្យ៉ាងវិញទៀត អ្នកនាំពាក្យប៉ូលីស Kandahar លោក Hafiz Saber បាននិយាយថា ទាហានអាហ្វហ្គានីស្ថានម្នាក់ត្រូវបានសម្លាប់ និងមនុស្ស ១០ នាក់ផ្សេងទៀត រួមទាំងជនស៊ីវិល ៣នាក់ បានរងរបួសក្នុងការប៉ះទង្គិចនោះ។ 

យ៉ាងណាម៉ិញ មន្ត្រីអាហ្វហ្គានីស្ថាន Noor Ahmad នៅទីក្រុង Kandahar បានប្រាប់ភ្នាក់ងារសារព័ត៌មានថា ស្ថានភាពបានវិលមករកភាពប្រក្រតីវិញ បន្ទាប់ពីភាគីទាំងពីរបានជួបប្រជុំគ្នា។

មន្ត្រីភាគីទាំងសងខាងបាននិយាយថា ច្រកព្រំដែនអាហ្វហ្គានីស្ថានដ៏មមាញឹកនៅ Chaman ដែលប្រើសម្រាប់ពាណិជ្ជកម្ម និងឆ្លងកាត់ទៅមក ត្រូវបានបិទអស់ជាច្រើនម៉ោងមុនពេលបើកដំណើរការឡើងវិញ។ 

គួររំលឹកថា ច្រកព្រំដែន Chaman ត្រូវបានបិទអស់រយៈពេលជាច្រើនថ្ងៃកាលពីខែមុន បន្ទាប់ពីមានការប៉ះទង្គិចស្រដៀងគ្នាបានកើតឡើង។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ