អ៊ុយក្រែនកំពុងពុះពារភ្ជាប់សេវាទឹក និងអគ្គិសនីឡើងវិញក្រោយ រុស្ស៊ីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ថាមពលកាលពីថ្ងៃពុធ
អ៊ុយក្រែន៖រដ្ឋាភិបាលអ៊ុយក្រែនកំពុងពុះពារភ្ជាប់សេវាទឹក និងអគ្គិសនីឡើងវិញដើម្បីផ្តល់ឲ្យមនុស្សរាប់លាននាក់ បន្ទាប់ពីមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលកាលពីថ្ងៃពុធ ដែលបានបណ្តាលឱ្យមនុស្សស្ទើរ៨០ភាគរយនៅទូទាំងប្រទេសស្ថិតក្នុងភាពងងឹត។ នេះបើតាមការចេញផ្សាយដោសារព័ត៌មានAljazeeraនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ជាង២៤ម៉ោងបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីបានវាយកម្ទេចតំបន់នានានៃទីក្រុង Kyiv អភិបាលក្រុង Vitali Klitschko និយាយថា៦០ ភាគរយនៃផ្ទះនៅតែទទួលរងការដាច់ភ្លើង។ ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យ អាជ្ញាធរក្រុង Kyiv បាននិយាយថា ពួកគេអាចស្តារសេវាទឹកឡើងវិញបាន ។
លោក Jan Egeland អគ្គលេខាធិការក្រុមប្រឹក្សាជនភៀសខ្លួនន័រវេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា“ប្រជាជនស៊ីវិលមិនអាចទ្រទ្រង់រដូវរងាទាំងមូលដោយគ្មានអគ្គិសនី ភាពកក់ក្តៅ និងទឹកប្រើប្រាស់បានទេ។គាត់បាននិយាយដោយសំដៅទៅលើការវាយប្រហារ លើបណ្តាញអគ្គិសនីដោយទីក្រុងម៉ូស្គូ។
គួរបញ្ជាក់ថា បើតាមរូបភាពពីផ្កាយរណបដែលចេញផ្សាយដោយ NASA បានបង្ហាញថា បើមើលពីលំហ អ៊ុយក្រែនបានក្លាយជាកន្លែងងងឹតមួយនៅលើផែនដីនៅពេលយប់៕SP