អាជ្ញាធរអ៊ុយក្រែនដាក់ចេញនូវបម្រាមគោចរនៅក្នុងទីក្រុងឃើរសុន និងវិធានការរឹតបន្តឹងការចូល -ចេញពីទីក្រុងនេះ
(ភ្នំពេញ)៖នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក យ៉ារ៉ូស្លាវ យ៉ានូសឺវីជ ប្រធានរដ្ឋបាលយោធាក្នុងតំបន់ឃើរសុនរបស់អ៊ុយក្រែនបាននិយាយថា អាជ្ញាធរអ៊ុយក្រែនបានដាក់ចេញនូវបម្រាមគោចរនៅក្នុងទីក្រុងឃើរសុនកាលពីថ្ងៃសៅរ៍ និងវិធានការរឹតបន្តឹងការចូល និងចេញពីទីក្រុងនេះ ដោយលោកបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក យ៉ានូសឺវីជ បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញតេឡេក្រាមរបស់រដ្ឋបាលថា «យើងត្រូវដាក់ចេញនូវបម្រាមគោចរចាប់ពីថ្ងៃសៅរ៍ ពីម៉ោង ៥:០០ល្ងាចដល់ម៉ោង ៨:០០ព្រឹក»។លោកបាននិយាយបន្ថែមថា «ខ្ញុំក៏សូមជម្រាបជូនអ្នកផងដែរថា ការចូលមកក្នុង និងការចាកចេញពីទីក្រុងនេះ នឹងត្រូវបានដាក់កំហិតដើម្បីធានាបាននូវសកម្មភាពដោះមីន»។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រកាសថា អាជ្ញាធរអ៊ុយក្រែនមិនមានចេតនាអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលទៅក្នុងទីក្រុងឃើសុនក្រោមលេសនៃការដោះមីននោះទេ៕S