រដ្ឋមន្ត្រីក្រសួងសាធារណការ ៖ បើសិនគម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅខេត្តកំពត លេចចេញជារូបរាងនោះ នឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បើសិន គម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត លេចចេញជារូបរាងហើយនោះ នឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ព្រមទាំងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍។
នាឱកាសអនុញ្ញាតឱ្យប្រតិភូ សាជីវកម្មធនាគារ ស៊ូមីតូម៉ូ ម៉ីតស៊ុយ - Sumitomo Mitsui Banking Corporation (SMBC) ដឹកនាំដោយលោក Rajeev Kannan នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក ចូលជួបសម្ដែងការគួរសម នាថ្ងៃទី៣០ មករា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡីងពីគម្រោងជីកព្រែកតភ្ជាប់ទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។
លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «គម្រោងនេះត្រូវបានសិក្សាលម្អិតរួចរាល់ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ដែលមិនមានអ្វីជាការប៉ះពាល់ឡើយ បើសិនជាយើងរកបានដៃគូអភិវឌ្ឍន៍ ហើយធ្វើឱ្យលេចចេញជារូបរាងនោះ វានឹងក្លាយជាគម្រោងប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល ក្នុងវិស័យនាវាចរណ៍នេះ ផងដែរ»។
នាឱកាសនោះ លោក Rajeev Kannan នាយកប្រតិបត្តិ SMBC ប្រចាំតំបន់អាស៊ីប៉ាស៊ីស្វិក បានថ្លែងបញ្ជាក់ថា ទាក់ទងទៅនឹងវិស័យហិរញ្ញវត្ថុសម្រាប់គម្រោងអភិវឌ្ឍន៍ SMBC គឺមានបទពិសោធន៍ជាច្រើន និងរយៈពេលជាយូរឆ្នាំ ទាំងក្នុង និងក្រៅតំបន់ ជាមួយគ្នានេះដែរក្នុងប្រទេសកម្ពុជា SMBC កំពុងសហការជាមួយធនាគារអេស៊ីលីដា អនុវត្តនូវគម្រោងក្នុងការលើកម្ពស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលស្របគ្នាជាមួយការជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី របស់រាជរដ្ឋាភិបាលកម្ពុជា៕EB