ធនាគារពិភពលោក ផ្ដល់ថវិកា ១៦៣លានដុល្លារ សម្រាប់ជួយកម្ពុជា ក្នុងការពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
ភ្នំពេញ ៖ ធនាគារពិភពលោក បានផ្តល់ការយល់ព្រមលើគម្រោងមួយ ដែលមានតម្លៃ១៦៣លានដុល្លារអាមេរិក សម្រាប់ជួយប្រទេសកម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ជាប្រយោជន៍ដល់ប្រជាជនជាង ១៧៥ ០០០នាក់ នៅក្នុងខេត្តចំនួន៤។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ចេញផ្សាយនាពេលថ្មីៗនេះថា ថ្វីត្បិតប្រទេសកម្ពុជា មានវឌ្ឍនភាពច្រើននៅក្នុងការបង្កើនលទ្ធភាពទទួលបានទឹកស្អាត និង អនាម័យគួរឲ្យកត់សម្គាល់ក៏ពិតមែន នៅមានកិច្ចខិតខំដែលចាំបាច់ត្រូវធ្វើថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (SDG 6) ស្តីពីទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នា ត្រឹមឆ្នាំ២០៣០។ គិតត្រឹមឆ្នាំ២០២២ មានមិនដល់មួយភាគបី នៃប្រជាជនកម្ពុជា ផងទេ ដែលមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកដែលមានការគ្រប់គ្រងដោយសុវត្ថិភាព ហើយមានលើសមួយភាគបីបន្តិចប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់សេវាអនាម័យដែលមានការគ្រប់គ្រង់បានល្អ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «កិច្ចគាំទ្រនេះនឹងជួយរដ្ឋាភិបាលក្នុងការកសាងគ្រឹះរឹងមាំមួយ សម្រាប់ផ្តល់សេវាចាំបាច់ទាំងនេះទៅដល់ប្រជាជនកម្ពុជា ហើយវានឹងនាំមកនូវអត្ថប្រយោជន៍ភ្លាមៗដល់ស្ត្រី និងអ្នកក្រីក្រនៅតាមទីជនបទ ដែលបច្ចុប្បន្នមិនទាន់ទទួលបានសេវាទាំងនេះ»។
គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ (Water Supply and Sanitation Acceleration Project) នេះ ដែលមានរយៈពេលប្រាំមួយ (០៦) ឆ្នាំ នឹងជួយដល់សកម្មភាពនានារបស់រដ្ឋាភិបាល នៅក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ការកែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធទឹកស្អាតនិងអនាម័យដែលមាននាពេលបច្ចុប្បន្ន និងក្នុងការធានាដល់ចីរភាពរបស់សេវាទាំងនេះ។
គម្រោងនេះមានសកម្មភាពមួយសម្រាប់បង្កើនការវិនិយោគហិរញ្ញវត្ថុ ឲ្យអស់លទ្ធភាពសម្រាប់ការអភិវឌ្ឍ ដោយធ្វើការជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលកំពុងនិងបានចូលរួមចំណែកជាងពាក់កណ្តាលនៃបណ្តាញទុយោទឹកទាំងអស់នៅកម្ពុជា នៅក្នុងការកៀរគរធនធានចំនួនប្រមាណប្រហែល ១៧.៦លានដុល្លារអាមេរិកបន្ថែមទៀត ពីប្រភពឯកជន សម្រាប់ពង្រីកការផ្គត់ផ្គង់សេវាទឹកស្អាត៕