ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន (AMF) នាពេលនេះ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាបន្ន តាមគន្លងប្រក្រតីភាពថ្មី» និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC) ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព» ដែលត្រូវបានអាក់ខានអស់រយៈពេល ២ឆ្នាំកន្លងមកហើយ ដោយសារការឆ្លងរាលដាល នៃជំងឺកូវីដ- ១៩។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះការកំណត់ប្រធានបទដ៏ត្រឹមត្រូវបំផុត ស្របតាមស្ថានការណ៍តំបន់ និងសកលនាពេលបច្ចុប្បន្ន និងទៅអនាគត។ ជាការពិតទីក្រុង គឺជាបេះដូងនៃប្រទេស និងតំបន់នីមួយៗ ដោយជាកន្លែងប្រមូលផ្ដុំសកម្មភាពគ្រប់ទិដ្ឋភាពទាំងផ្នែក សង្គម-សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ក្នុងន័យនេះ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ត្រូវផ្តើមចេញពីការកសាង និងតភ្ជាប់ទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ