អាជ្ញាធរឥណ្ឌូនេស៊ីប្រកាសឱ្យពលរដ្ឋកុំឱ្យធ្វើសកម្មភាពអ្វីទាំងអស់ នៅក្នុងរយៈចម្ងាយ៥គីឡូម៉ែត្រជុំ វិញមាត់ភ្នំភ្លើងSemeru ក្រោយមានករណីផ្ទុះកើតឡើង
ឥណ្ឌូណេស៊ី៖ ភ្នំភ្លើង Semeru នៅឯប្រទេសឥណ្ឌូណេស៊ីបានផ្ទុះនៅថ្ងៃអាទិត្យនេះ ដោយជះផ្សែងនិងកម្ទេចផេះកម្ពស់ ១.៥គីឡូម៉ែត្រឡើងទៅលើផ្ទៃអាកាស ហើយជំរុញឱ្យអាជ្ញាធរចេញសារព្រមានដល់ប្រជាជន ឱ្យស្ថិតនៅឱ្យឆ្ងាយពីតំបន់ភ្នំភ្លើងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានេV នៅថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២។
ភ្នំភ្លើង Semeru ចាប់ផ្តើមផ្ទុះកាលពីវេលាម៉ោង ២៖៤៦នាទីយប់រំលងអធ្រាត្រ ហើយបានព្រមានប្រជាជនកុំឱ្យធ្វើសកម្មភាពអ្វីទាំងអស់ នៅក្នុងរយៈចម្ងាយ៥គីឡូម៉ែត្រជុំវិញមាត់ភ្នំភ្លើង និងរក្សាគម្លាតយ៉ាងហោច៥០០ម៉ែត្រពីតំបន់ច្រាំងទន្លេ ដោយសារហានិភ័យនៃលំហូរកម្អែរភ្នំភ្លើង។ យ៉ាងណាក្តី បើតាមទីភ្នាក់ងារ BNPB ស្ថានភាពនៃភ្នំភ្លើង Semeru គឺបន្តស្ថិតនៅកម្រិតលេខ៣ដដែល ខណៈកម្រិតខ្ពស់បំផុតគឺកម្រិតលេខ៤។
សូមបព្ជាក់ថាភ្នំភ្លើងនៅប្រទេសឥណ្ឌូណេស៉ីសរុបមានចំនួន១៤២ជាប្រទេសមួយស្ថិតនៅប៉ែកខាងត្បូងនៃតំបន់អាស៊ីអាគ្នេយ៍ និងតំបន់មេឡាណេស៊ី ចន្លោះរវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក។ ប្រទេសនេះមានកោះសរុបប្រមាណ ១៧,០០០ កោះដោយក្នុងនោះមានកោះសំខាន់ៗដូចជា៖ កោះស៊ូម៉ាត្រា ស៊ូឡាវីស៊ី ជ្វា ផ្នែកមួយនៃកោះបរនេអូ និងនូវែលគីនេ៕SP